Connect with us

ព័ត៌មានជាតិ

កន្ទេលផ្អាវត្បាញ ដោយដៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំមានភាពស្រស់ស្អាតនិងទទួលបានការគាំទ្រច្រើនពីអតិថិជន

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប នៅតែបន្តប្រពៃណីត្បាញកន្ទេលផ្អាវដោយដៃ ដែលកន្ទេលទាំងនោះមើលទៅស្រស់ស្អាត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទៀតផង។

ប្រជាពលរដ្ឋរស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ត សៀមរាប បានបន្តប្រពៃណីត្បាញកន្ទេលដោយដៃ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ កន្ទេលដែលត្បាញមានភាពស្រស់ស្អាត និងទទួលបានការគាំទ្រពីអតិថិជនទាំងក្នុងនិងក្រៅប្រទេស។

អ្នកស្រី នាម វ៉ាន អាយុ៦២ឆ្នាំ រស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ បានឱ្យដឹងថា អស់រយៈពេលប្រមាណជាង៤០ឆ្នាំមកហើយ ដែលអ្នកស្រីបានចេះ និងចាប់យកមុខរបរត្បាញកន្ទេលដែលជាកេរដំណែលពីឪពុកម្តាយមក ព្រោះថាជាច្រើនជំនាន់ណាស់មកហើយ ដែលគ្រួសារអ្នកស្រីបានត្បាញកន្ទេលនេះ សម្រាប់ប្រើ ប្រាស់ក្នុងគ្រួសារ និងលក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រីបន្តថា កាលដើមឡើយមានស្លឹករុក្ខជាតិជាច្រើន ដែលដុះនៅជុំវិញផ្ទះ អាចយកមកត្បាញជាកន្ទេលបានដូចជា៖ស្លឹកត្នោត ផ្អាវ កក់ រំចេក និងដើមរុន តែរុក្ខជាតិទាំងនោះចេះតែបាត់បង់ជារឿយៗ ខណៈបច្ចុប្បន្នមានតែផ្អាវមួយប្រភេទប៉ុណ្ណោះដែលនៅសេស សល់ ហើយក៏ត្រូវនៅរកកាប់នៅទីឆ្ងាយៗពីផ្ទះ ឬនៅខេត្តកំពង់ធំក៏មាន ដើម្បីយកមកត្បាញ។

អ្នកស្រីបញ្ជាក់ថា កន្ទេលផ្អាវ មានភាពស្រស់ស្អាតខ្លាំង និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ព្រោះមុនពេលត្បាញបងប្អូននៅក្នុងភូមិ តែងតែយកល័ក្ខមកជ្រលក់ចេញជាពណ៌ផ្សេងៗ និងត្បាញទៅតាមម៉ូតក្បាច់រចនាច្រើនដូចជា៖ ក្បាច់ក្រឡាហូល ភ្នែកម្នាស់ ក្រឡាការ៉ូ ម៉ូតខ្សែ និងទឹករលកជាដើម។

យូរពេលហ្នឹងឯង បើយើងបៀបធៀបយើងបិតបានហើយ យើងជ្រលក់បានហើយ រយៈពេលថាកន្លះខែទៅបានមួយ ១ម៉ែត្រ៦តឹក បើគេកម្ម៉ង់យើងពិបាកកាត់ផ្អាវ បើសិនជាប្រើតាមធម្មតាយើង ផ្អាវធម្មតាថាប៉ុណ្ណាបានមួយ ដូចថា១ម៉ែត្រកន្លះ ឬ១ម៉ែត្រ៦តឹក អានោះយើងធ្វើទៅតាមធម្មតា នេះបើគេកម្ម៉ង់នេះ៦តឹកនេះ បណ្តោយ១ម៉ែត្រកន្លះនេះ១០ម៉ឺនរៀល ហើយបើយើងលក់អាធំ១ម៉ែត្រ៥តឹកនេះអាចបាន ១០ម៉ឺនទៅ១២ម៉ឺន។

សូមជម្រាបផងដែរថា ការត្បាញ កន្ទេលដោយដៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំ បានបន្តជាច្រើនជំនាន់ណាស់មកហើយ។ ដើមឡើយក្រោយពេលត្បាញរួចពួកគាត់តែងតែដឹកកន្ទេលតាមកង់ យកទៅលក់នៅឯផ្សារ ឬតាមផ្ទះប្រជាពលរដ្ឋ តែបច្ចុបប្បន្នក្រោយពេលត្បាញ មិនចាំបាច់ដឹកទៅលក់ទៀតឡើយ ព្រោះ មានអ្នកចុះមករកទិញដល់លំនៅឋានឬការ កម្ម៉ង់តាមរយៈអនឡាញជាដើម ព្រោះកន្ទេលដែលពួកគាត់ត្បាញ មិនត្រឹមតែមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់បានយូរអង្វែងទៀតផង។

បន្ថែមពីនេះទៀតដោយបារម្ភខ្លាច ប្រពៃណីត្បាញកន្ទេលដែលបុព្វបុរសបានបន្សល់ទុក បាត់បង់ទៅតាមពេលវេលានោះ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតែងតែព្យាយាមជំរុញលើកទឹកចិត្តក្មេងៗ ដែលជាកូនចៅជំនាន់ក្រោយឱ្យចេះត្បាញផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook