អន្តរជាតិ៖ សាឡាងមួយបានដឹកមនុស្សជាង ២០០ នាក់បានឆេះនៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃពុធ ដោយបានសម្លាប់អ្នកដំណើរយ៉ាងតិច ១០ នាក់។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែមីនា។
លោក Nixon Alonzo ប្រធានការិយាល័យកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្ត Basilan បានប្រាប់វិទ្យុក្នុងស្រុកថា អ្នកដំណើរប្រាំពីរនាក់ដែលបានលោតចូលទៅក្នុងសមុទ្រនៅតែបាត់ខ្លួននៅឡើយ។
យ៉ាងហោចណាស់អ្នកដំណើរ ១៩៥ នាក់ និងនាវិក ៣៥ នាក់ត្រូវបានជួយសង្គ្រោះ។
លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សបួននាក់នៅលើកប៉ាល់ ខណៈមនុស្សប្រាំមួយនាក់ត្រូវបាននាំទៅកាន់ច្រាំង។
លោកបានបន្តថា “អ្នកដំណើរបានស្លាប់ដោយសារលង់ទឹក បន្ទាប់ពីលោតចូលទៅក្នុងទឹក ហើយខ្លះបានរងរបួសរលាក” ។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយនិយាយថា ខ្លួនបានដាក់ពង្រាយបុគ្គលិក និងនាវារបស់ខ្លួន ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកស្លាប់ និងរបួសនោះទេ៕