(កណ្តាល) ៖ មន្រ្តីសុរិយោដីខេត្តកណ្តាល បានរៀបចំការប្រជុំជាមួយអាជ្ញាធរ និងពលរដ្ឋនៅក្នុងភូមិចំនួន៧ ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីផ្សព្វផ្សាយពត៌មានស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងគោលដៅផ្តល់ទំ នុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លីត្រឹមត្រូវទៅតាមផ្លូវច្បាប់ ។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាលបានមានប្រសាសន៍ ក្នុងអង្គប្រជុំកាល ពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣នេះ ដោយអំពាវនាវដល់ពលរដ្ឋក្នុងមួលដ្ឋាន ត្រូវអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា ចៀសវាងខុសឈ្មោះទិន្នន័យផ្សេងៗ ដូចជាថ្ងៃខែឆ្នាំកំណើត ទំហំដី និងប្រភេទដីជាដើម ។
លោកថា ក្នុងរយៈពេល១៥ថ្ងៃនេះ គឺជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំ ដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល១៥ ថ្ងៃហើយក្រោយពីការ បិទផ្សាយចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចស្នើសុំកែតម្រូវបានឡើយ ។
ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលក្ខណៈជាប្រព័ន្ធ នេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី ១៣ខែមេសា ឆ្នាំ ២០២៣ ដោយគិតបញ្ចូលទាំង ថ្ងៃឈប់សម្រាកផងដែរ ។
ក្រោយពេល១៥ថ្ងៃ នៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះ ត្រូវធ្វើការសហការជាមួយអាជ្ញាធរដែនដីជាពិសេស អាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា ។
ការចុះបិទផ្សាយជាសាធារណៈនូវឯកសារ ការវិនិច្ឆ័យជាប្រព័ន្ធនេះ ត្រូវបានសាទរដោយប្រជាពលរដ្ឋយ៉ាងខ្លាំង លោកអុំ សន គីមសាន ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខាងលើបានមានប្រសាសន៍ ដោយក្តីរីករាយ ដោយលើកឡើងថាក្រោយការបិទផ្សាយ ចប់ អាជ្ញាធរនឹងចេញប័ណ្ណកម្មសិទ្ឋិដី ជាប្លង់រឹងជូនពលរដ្ឋតែម្តង ដែលជាកត្តាធ្វើឱ្យពួកគាត់ មានលំនឹងច្បាស់លាស់ក្នុងការកាន់កាប់ដីផ្ទាល់ខ្លូន លែងបារម្មពីការបាត់បង់ដី ដោយការរំលោភបំពានណាមួយទៀតហើយ ៕

