កំពង់ចាម៖ ឆ្នាំនេះគឺជាខួបគម្រប់ ៣០ឆ្នាំ នៃការលះបង់របស់យុទ្ធជនរក្សាសន្តិភាពចិន លោក Chen Zhiguo និង Yu Shili នៅព្រឹកថ្ងៃទី៣១ ខែមីនា។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់តាំងតំណាងចូលរួមពិធីគោរពវិញ្ញាណ ក្ខន្ធយុទ្ធជនរក្សាសន្តិភាពចិន នៅភូមិស្គន់ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក Chen Zhiguo និងលោក Yu Shili ដើម្បីរំឭកដល់ស្នាដៃដ៏អស្ចារ្យរបស់យុទ្ធជនពលី និងឧទ្ទិសកុសល គោរពវិញ្ញាណក្ខន្ធវីរជន។
លោក Tang Hao អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា តំណាងក្រសួងការពារជាតិកម្ពុជា តំណាងស្ថាប័នដែលផ្តល់មូលនិធិដោយចិននៅកម្ពុជា និងសិស្សានុសិស្ស សរុបជិត២០០នាក់ បានចូលរួមក្នុងពិធីនេះ។

តាងនាមឱ្យស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Tang Hao អនុព័ន្ធយោធា បានដាក់កម្រងផ្កានិងថ្លែងសុន្ទរកថានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធកងទ័ពចិន។ លោក Tang Hao អនុព័ន្ធយោធា បានថ្លែងថា កាលពី៣០ឆ្នាំមុន លោក Chen Zhiguo និង Yu Shili រួមដំណើរជាមួយកងទ័ពចិន បានបូជាជីវិតប្រកបវីរភាពក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិនៅកម្ពុជា។
ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ចិន និងកម្ពុជា ផ្កានៃមិត្តភាពចិន-កម្ពុជា ដែលកើតចេញពីការបូជាជីវិតរបស់យុទ្ធជនចិនទាំងពីររូប បានរីកដុះដាលយ៉ាងត្រចះ ត្រចង់ ហើយទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន ក្នុងយុគសម័យថ្មី គឺភ្លឺស្វាងឥតឈប់ឈរជាមួយនឹងភាពរឹងមាំថ្មី។
ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចយ៉ាងជោគជ័យមួយ ទៀតនៅប្រទេសចិន ហើយបានយល់ព្រមជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “គ្រាប់ពេជ្រប្រាំមួយជ្រុង” ចិន-កម្ពុជា ជំរុញទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជាទៅរកកម្រិតខ្ពស់ថ្មីមួយទៀត។
លោក Tang Hao អនុព័ន្ធយោធា បានចង្អុលបង្ហាញថា បុព្វហេតុសន្តិភាពនៅកម្ពុជា ដែលយុទ្ធជនចិន ឈិន ជឺគ័រ និង លោក យូ ស្សឺលី បានបូជាជីវិតដើម្បីថែរក្សា ឥឡូវនេះបានបើកជំពូកថ្មីមួយហើយ។ ចាប់តាំងពីឆ្នាំ២០១៨ មក ប្រទេសចិនបានជួយកម្ពុជាបោសសម្អាតផ្ទៃដីចំនួន ៧៤.៩២ គីឡូម៉ែត្រការ៉េ ដែលគំរាមកំហែងដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដោយឥតសំណង និងបានរកឃើញ និងបំផ្ទុះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៧១,៥៥៨ គ្រាប់ និងផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ នាក់។

បច្ចុប្បន្ននេះ កងទ័ពចិន និងកម្ពុជាកំពុងធ្វើសមយុទ្ធ “នាគមាសឆ្នាំ២០២៣” រួមគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថកម្ពុជា នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដោយមានប្រធានបទសំខាន់មួយគឺការបោសសម្អាតមីន និងការសង្គ្រោះមនុស្សធម៌។ ជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចិន និងកម្ពុជា ពិតជានឹងជំរុញបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱ្យទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់។
ឯកឧត្តមនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពចិន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្ដមបានមានប្រសាសន៍ថា រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា មានក្ដីរឭកយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចចំពោះយុទ្ធជនរក្សាសន្តិភាពចិនដែលបានបូជាជីវិតនៅកម្ពុជា៕