Connect with us

ព័ត៌មានកីឡា

កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ

កែប៖ ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសរសើរចំពោះសមត្ថភាពក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺន និងប្រកួតទទួលបានជោគជ័យជាមួយលទ្ធផលល្អប្រសើរ ដោយក្រុមកីឡាករខេត្តកែប ដណ្តើមបានជ័យលាភីមេដាយ៣០គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តមថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនី និងមន្ត្រីកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប នារសៀលថ្ងៃទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងថា វិស័យអប់រំកាយ និងកីឡា គឺជាផ្នែកមួយ ដ៏មានសារ:សំខាន់ក្នុងវិស័យអប់រំ ត្រូវបានទទួលការ យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុកផ្នែកនេះជាសមាសធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមសមាសធាតុអប់រំធំៗទាំងប្រាំគឺ ការអប់រំបញ្ញា ការអប់រំសីលធម៌ ការអប់រំកាយ ការអប់រំពលកម្ម និងការអប់រំសោភ័ណភាព។

ឯកឧត្តមបញ្ជាក់ថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាល កំណត់យកធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដូច្នេះសូមឱ្យមន្ទីរ អង្គភាពនានា ក្នុងខេត្តត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថានតាមហេដ្ឋារចនា សម្ព័ន្ធតាមមុខសញ្ញាដែលរដ្ឋបាលខេត្តបានដាក់ជូនឱ្យបានស្អាត។

ជាមួយសកម្មភាពកីឡាក្នុងខេត្តកំពុងបន្តការរីកចម្រើន ឯកឧត្តមបានជំរុញឱ្យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំបន្តប្រឹងប្រែងផ្សព្វផ្សាយដល់គ្រឹះស្ថានឯកជននានាលើវិស័យកីឡាក្នុងខេត្តឱ្យកាន់តែខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត ហើយចំពោះប្អូនៗកីឡាករ កីឡាការិនី ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យ យកចិត្តទុកដាក់លើសុខភាពក្រុម និងសុខភាពផ្ទាល់ខ្លួន បង្កើនការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាពិសេសនៅពេលលេងកីឡាត្រូវលេងដោយបច្ចេកទេស ចំណេះជំនាញដែលខ្លួនមាន ដើម្បីទទួលបានជ័យជម្នះបន្តទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook