កសិករហឿន សាវ៉ៃ រស់នៅសង្កាត់នគរធំ ក្រុងសៀមរាប កំពុងប្រមូលផលដំណាំត្រប់ស្រួយ ជាលើកដំបូង ទទួលបានទិន្នផលគាប់ប្រសើរសម្រាប់លក់ទៅកាន់ទីផ្សា។
អ្នកស្រី ហឿន សាវ៉ៃ អាយុ៤៤ឆ្នាំ កសិកររស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានឱ្យដឹងថា រយៈពេលជាង៥ឆ្នាំមកហើយ ដែលអ្នកស្រីចាប់យកមុខរបរដាំដុះបន្លែចម្រុះដើម្បីលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយបច្ចុប្បន្នអ្នកស្រីកំពុងប្រមូលផលដំណាំត្រប់ស្រួយ ដែលទើបចាប់ផ្តើមដាំសាកល្បង លើទំហំផ្ទៃប្រមាណ១,៨០០ ម៉ែត្រ ក្រឡា ។
អ្នកស្រីបន្តថា ការដាំដុះត្រប់ស្រួយ មានអាយុកាលបីខែ អាចប្រមូលផលបាន ដោយអ្នកស្រីកំពុងប្រមូលផលបានជាបណ្តើរៗ ក្នុងមួយលើកៗប្រមូលផលបានប្រមាណ៣០គីឡូក្រាម ហើយរំពឹងថា នឹងអាចប្រមូលផលបានច្រើន និងមានរយៈពេលយូរ ព្រោះសុខភាពរបស់ត្រប់មានលក្ខណៈល្អប្រសើរ។
រាល់ពេលដាំដុះដំណាំកសិកម្មគ្រប់ប្រភេទរបស់ អ្នកស្រីតែងតែជ្រើសយកប្រព័ន្ធស្រោចស្រពបែបទំនើប និងគ្របកៅស៊ូពីលើ ព្រោះផ្តល់ភាពងាយស្រួលច្រើន ចំណេញពេល វេលា មិនមានស្មៅដុះ ជាពិសេសទិន្នផលនៃដំណាំក៏ជាប់ប្រសើរ។
ខ្ញុំដាំ ខ្ញុំជ្រើសរើសយកតែប្រព័ន្ធទឹកហ្នឹងឯង ហើយគ្របកៅស៊ូវាអត់ដុះស្មៅ ងាយស្រួលដាក់ប្រព័ន្ធទឹកអ៊ីចឹង យើងអត់ពិបាកស្រោច ចំណេញជាង ចំណេញពេលច្រើន ជីទ្រាប់បាតភាគច្រើនខ្ញុំប្រើជីធម្មជាតិជីជប៉ុន។
សូមជម្រាបផងដែរថា ត្រប់ស្រួយជាដំណាំហូបផ្លែមួយប្រភេទ ដែលប្រជាកសិករអាចដាំដុះគ្រប់រដូវកាល ដោយដំណាំមួយប្រភេទនេះ មានការនិយមចូលទទួលទាន ដោយយកមកធ្វើជាអន្លក់ ឬម្ហូបអាហារផ្សេងៗជាច្រើនមុខទៀត ដែលផ្តល់ផលល្អសម្រាប់សុខភាពថែមទៀតផង៕