គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និង នគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥។
នាឱកាសនោះ ឯកឧត្តម ស្រី សួន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសឆ្នាំថ្មី ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។
ឯកឧត្តម បានលើក ឡើងថា ថ្វីដ្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយ នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង។
ដោយឡែកអំណោយដែលផ្ដល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមានអង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំ ស្ករស ប៊ីចេង ប្រេងឆា ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕