Connect with us

ព័ត៌មានកីឡា

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញលើក ទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តរួមសហការគ្នាផ្សព្វផ្សាយពីដំណើរឆ្ពោះទៅ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តរួមសហការគ្នាក្នុងកិច្ចការងារដ៏សំខាន់ជាប្រវត្តិសាស្រ្តពីដំណើរឆ្ពោះទៅ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឱ្យកាន់តែទូលំ ទូលាយបន្ថែមទៀត ដើម្បីឱ្យព្រឹត្តិការណ៍ជាតិដ៏ធំនេះ បានបង្ហាញឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈកីឡារស់ក្នុងសន្តិភាព ។

នៅក្នុងកិច្ចប្រជុំចង្អៀតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងព័ត៌មាន ពាក់ពន្ធ័នឹងការងារត្រៀមដំណើរការរៀបចំសម្រាប់ព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងអស់អាចចូលរួមទស្សនាដោយសេរី និងទទួលសំបុត្រ ដោយមិនគិតថ្លៃក្នុងពិធីបើក ពិធីបិទ

និងរាល់ការប្រកួតគ្រប់វិញ្ញាសាប្រភេទកីឡាទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម រួចមកគឺកិច្ចការងាររបស់ក្រសួងព័ត៌មាន គឺកាន់តែធំ និងសំខាន់ ដែលទាមទារឱ្យមន្ត្រីជំនាញគ្រប់ផ្នែកប្រឹងប្រែងឱ្យអស់លទ្ធភាព និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងការថតផ្សព្វផ្សាយ ពិសេសគឺថតឱ្យគ្រប់វិញ្ញាសាកីឡា ដែលមានកីឡាករកម្ពុជាធ្វើការប្រកួត ដើម្បីទុកជាស្នាដៃជាប្រវត្តិសាស្រ្តសម្រាប់ទៅពេលខាងមុខ ។

ដោយពិនិត្យឃើញទំហំការងារកាន់តែរីកធំ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីការសហការជាមួយសមាគមទូរទស្សន៍ ដើម្បីចែកគ្នាថតសកម្មភាពនៃការ ប្រកួតកីឡានីមួយៗ ហើយជាសំខាន់ដែរនោះ បានជំរុញលើកទឹក ចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តរួមសហការការគ្នាក្នុងកិច្ចការងារដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ ហើយបន្តចូលរួមផ្សព្វផ្សាយពីដំណើរឆ្ពោះ ទៅព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំនេះ បានបង្ហាញឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈកីឡារស់ក្នុងសន្តិភាព ។

គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងមកនេះ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានធ្វើលិខិតជូន ដំណឹងដល់គ្រប់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិទាំងអស់ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច ចំពោះប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងឡាយណា

ដែលបានចំណាយថវិកាកន្លងមកលើការទិញសំបុត្រចូលទស្សនា នឹងត្រូវទទួលបានថវិកាសងត្រឡប់វិញ , លុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធិផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជាទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស នានាលើពិភពលោក ដោយត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណៈ

កម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើក កម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា តាមរបាយការណ៍ក្នុងកិច្ចប្រជុំបានឱ្យដឹងថា វិញ្ញាសាប្រកួតមានចំនួនជាង៥០០ និងប្រភេទកីឡាផ្សេងចំនួន៣៧ ត្រូវបានចុះបញ្ជីជាផ្លូវការសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ និង ប្រភេទកីឡាចំនួន១៣ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook