សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅ កាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្ម ការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើង វិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹង ប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕