(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) លោក ស ខេង បានដឹកនាំកិច្ចប្រជុំស្ដីពីការលាងលុយកខ្វក់ដើម្បីធ្វើបច្ចុប្បន្នភាពពីម្សិលមិញ នៅទីស្ដីការក្រសួងមហា ផ្ទៃ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មបានខិតខំបំពេញការងារយ៉ាងល្អប្រសើរ ទោះបីជាកម្ពុជាប្រឈមនឹងផលប៉ះពាល់នា នាដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក៏ដូច ជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ។
សម្តេចបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម គឺបានទទួលសមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់នោះ គឺការឈានទៅសម្រេចការដកកម្ពុជាពីបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាផ្លូវការដោយអង្គការ FATF ។
លោកនិយាយថា៖«ការដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ គឺមានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិរួមទាំងផ្នែកសេដ្ឋកិច្ច និងនយោ បាយថែមទៀត» ។
សម្តេចក្រឡាហោម ស ខេង បានជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន
ភេវរកម្មត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរតាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ ។
លោកតែងណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើសលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ។
ខ្មែរថាមស៍ មិនអាចទាក់ទងឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដើម្បីបញ្ជាក់បន្ថែមលើរឿងនេះបានទេពីម្សិលមិញ ។
ឯកឧត្តម ជា ចាន់តូ អនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម បានធ្វើរបាយការណ៍អំពីសកម្មភាពការងាររបស់ គ.ស.ហ. និងទិសដៅការងារសំខាន់ៗមួយចំនួនទៀតក្នុងបេសកកម្មដើម្បីបញ្ចៀសកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការអាដហុកគាំទ្រនិងកោតសរសើរជាខ្លាំងពេលឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើសកម្មភាពយ៉ាងសកម្មលើការលុបបំបាត់និងទប់ស្កាត់ការលាងលុយកខ្វក់ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះដោយអង្គការ FATF ហើយក៏ដោយ ។
លោកបានជំរុញបន្ថែមថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងរឿងនេះគប្បីពង្រឹងការអនុវត្តបន្ថែមទៀត ជាពិសេសត្រួតពិនិត្យមើលរាល់លំហូរសាច់ប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ព្រោះវាជាប្រភពដែលនាំដល់ការបង្កើតការលាងសម្អាតប្រាក់ ។
លោកនិយាយថា៖ «ការពង្រឹងបែបនេះ ដើម្បីទប់ស្កាត់ការលាងលុងកខ្វក់ពីសំណាក់អ្នកមានអំណាច ឬអ្នកមានឥទ្ធិពលក្នុងការលាងសម្អាត់ប្រាក់» ។
យោងតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិបរញ្ញប្បទានភេរវកម្ម បានឱ្យដឹងថា ការសម្អាតប្រាក់ គឺការបំប្លែងឬការផ្ទេរប្រាក់ដោយមិនដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬបុគ្គលណាដែលបានពាក់ព័ន្ធនឹងបទល្មើសដើម្បីឱ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន ៕