Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមជនជាតិភាគតិច មីយ៉ាន់ម៉ា ទទូចសុំជំនួយពីអន្តរជាតិ ជាពិសេសប្រទេសថៃ

បរទេស៖ ក្រុមអ្នកប្រឆាំងជនជាតិភាគតិចមួយក្នុងចំណោមក្រុមប្រឆាំងជនជាតិភាគតិចផ្សេងទៀតនៅមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិសម្រាប់ប្រជាជនដែលភៀសខ្លួនពីការវាយប្រហារតាមអាកាសរបស់យោធា ។

សហភាពជាតិការ៉ែន (KNU) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសថៃ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្លួន ។ ក្រុមនេះបាននិយាយថា កងទ័ពជើងគោកយោធារបស់មីយ៉ាន់ម៉ាកំពុងឈានទៅក្នុងទឹកដីរបស់ជនជាតិការ៉ែន ។

ការអំពាវនាវនេះធ្វើឡើងនៅពេលដែលយោធាមីយ៉ាន់ម៉ាបន្តបង្រ្កាបក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ។ អង្គការសិទ្ធិមនុស្សក្នុងស្រុកនិយាយថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅតំបន់ Tanintharyi ភាគខាងត្បូង និងកន្លែងផ្សេងទៀត ហើយមនុស្ស ៨ នាក់បានស្លាប់កាលពីថ្ងៃអង្គារ ។

រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ ៥០០នាក់ហើយ ដែលជាហេតុជំរុញឲ្យក្រុមឧទ្ទាមគំរាមថា ពួកគេនឹងបាញ់ប្រហារទៅយោធាវិញ ប្រសិនបើការបង្ហូរឈាមមិនបានបញ្ឈប់ទេនោះ ។

យោធាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅរដ្ឋការ៉ែនភាគអាគ្នេយ៍ដែលក៏ជាទីតាំងរបស់ក្រុមបាតុករផងដែរ ខណៈមនុស្សជាច្រើនបានឆ្លងកាត់ព្រំដែនចូលប្រទេសថៃដើម្បីរត់គេចខ្លួន ។

ក្នុងពេលជាមួយគ្នានោះទូរទស្សន៍រដ្ឋបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំយោធានិយាយថា កងទ័ពរបស់លោកត្រូវតែប្រយុទ្ធប្រឆាំងនឹងការវាយប្រហារទៅលើទីតាំងយោធារបស់ពួកសកម្មប្រយុទ្ធជនជាតិភាគតិច ។

ចំពេលមានភាពតានតឹងកើនឡើង លោក Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃបាននិយាយថា មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលមួយនៅដើមខែមេសាដើម្បីពិភាក្សាពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ខណៈកិច្ចប្រជុំនោះគឺការយកចិត្តទុកដាក់ផ្តោតលើថាតើពួកគេអាចរកវិធីដើម្បីបង្កើតការដោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាបានឬក៏យ៉ាងណា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook