កោះកុង៖ ទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងមានកំពង់ផែសមុទ្រថ្មីមួយតម្លៃ ១.៥លានដុល្លារអាមេរិក ដោយប្រើប្រាស់ ២ឆ្នាំ ដើម្បីបម្រើដល់ពហុវិស័យក្នុងការជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍តាមដៃព្រែកកោះប៉ោ ក្រុងខេមរភូមិន្ទ។

តាមរបាយការណ៍សង្ខេបរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១.៥លានដុល្លារ ដោយប្រើប្រាស់រយៈពេល ២ឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២២ខាងមុខ។
របាយការណ៍បន្តថា ផែសមុទ្រថ្មីសន្លាងនេះ នឹងសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យតាមដៃព្រែកកោះប៉ោ ក្រុងខេមរភូមិន្ទ ជំនួសឱ្យផែចាស់រក្សាទុកនៅកន្លែងដដែលមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុងឱ្យដឹងនៅថ្ងៃទី៣១ មីនាថា គម្រោងសាងសង់កំពង់ផែថ្មីនេះប្រភេទជាបេតុងមានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រចំនួន ២កន្លែង។
លោកបន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ ១៦២២.៨ ម៉ែត្រការ៉េកម្រាស់ ០.២៣ ម៉ែត្រ រីឯផ្លូវដើរទំហំ ១០០.៨ ម៉ែត្រការ៉េ កម្រាស់ ០.២ ម៉ែត្រ៕