Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបានហើយ ជនដែលបង្កើត Facebook ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងឡូហ្គូទូរទស្សន៍ជាតិកម្ពុជា

(ភ្នំពេញ)៖ បុរសម្នាក់បង្កើតគណនី Facebook ក្លែងក្លាយហើយប្រើប្រាស់ឈ្មោះ និងឡូហ្គូរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកោះហៅឈ្មោះ ឌិត សុវណ្ណរិទ្ធ ដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងការបង្កើតគណនី Facebook ក្លែងក្លាយរបស់ ទទក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច បុគ្គលរូបនេះបានសារភាព ទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើ ដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈផងដែរ។ ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តទៅទៀតសមត្ថកិច្ចជំនាញបានធ្វើការលុបគណនីក្លែងក្លាយនេះចោលតែម្ដង។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទូរទស្សន៍ជាតិកម្ពុជា បានចេញលិខិតបដិសេធមួយ ក្រោយមានបុគ្គល បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ធ្វើឲ្យសាធារណជនភ័ន្ដច្រឡំថា ជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook