(តាកែវ) ៖ សត្វជ្រូកជាង១០០ក្បាល ដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបបាន កាលពីពេលកន្លងទៅ នៅខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជាឡាវ ហើយនៅព្រឹកថ្ងៃទី០១ មេសានេះ បានដុតកម្ទេចចោលផងដែរនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយមានមន្រ្តីពាក់ព័ន្ធជាច្រើននៅក្នុងខេត្តចូលរួម ។

លោកតាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ថា ការដុតកម្ទេចចោលសត្វជ្រូកជាង១០០ក្បាលនេះ ធ្វើឡើងក្រោយពីមន្រ្តីជំនាញរបស់លោកបានចុះបង្រ្កាបបានរថយន្តដឹកជ្រូកមួយគ្រឿង ក្នុងចំណោមរថយន្តដឹកជ្រូក៣គ្រឿង នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាយប់ថ្ងៃទី២៣មីនា កន្លងទៅ ហើយរកឃើញមានវត្តមានមេរោគប៉េស្តជ្រូកអាហ្វ្រកផងដែរ ។

លោក តាន់ ផាន់ណារ៉ា បន្ថែមទៀតថា ជ្រូកទាំងនេះ ដឹកចេញពីក្រុមឈ្មួញលួចនាំជ្រូកគ្មានច្បាប់អនុញាតិ នឹងមិនបានគោរពទៅតាមវិធានការរបស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជម្ងឺជំងឺប៉េស្តអាហ្វ្រិកនេះ ទើបកម្លាំងរបស់លោកចុះបង្រ្កាបនឹងដុតកម្ទេចចោលតែម្តង ។
លោក តាន់ ផាន់ណារ៉ា ក៏បានបញ្ជាក់ផងដែរថា ក្រុមឈ្មញទាំងនេះ បានលួចនាំជ្រូកចូលទៅប្រទេសឡាវរួចដឹកបន្តចូលមកចែកចាយក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនស្ទឹងត្រែង និងប្រទេសឡាវវិញ បន្ទាប់ពីយើងបានរឹតបន្តឹងការនាំចូលសត្តជ្រូកនេះ ហើយក្រុមឈ្មញទាំងនេះ នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមាន ។
បើតាមអគ្គនាយករូបនេះ ក្រសួងកសិកម្ម នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ បានបង្រ្កាបសត្វជ្រូកដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រកនេះបាន៣ករណី ក្នុងចំណោមករណីទាំង១៦ករណី ហើយត្រូវបានមន្រ្តីជំនាញធ្វើការកម្ទេចចោលជាបន្តបន្ទាប់ជាច្រើនករណីដូចករណីពេលនេះដែរ៕

