Connect with us

ព័ត៌មានជាតិ

បវរកញ្ញាមីយ៉ាន់ម៉ា Han Lay ពន្យារពេលនៅថៃ៣ខែទៀត ក្រោយអំពាវនាវអន្តរជាតិឲ្យជួយប្រទេសខ្លួន

រាជធានីភ្នំពេញ៖ Han Lay បវរកញ្ញាមីយ៉ាន់ម៉ា (Miss Grand Myanmar 2020) នឹងបន្តស្នាក់នៅក្នុងប្រទេសថៃ យ៉ាងហោចណាស់៣ខែបន្ថែមទៀត ក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុនរៀបចំកម្មវិធី Miss Grand International។ បើតាមការផ្សាយរបស់ Thai PBS World ការសម្រេចនេះ គឺដើម្បីធានាដល់សុវត្ថិភាពរបស់ Han Lay បន្ទាប់ពីនាងយកវេទិកាប្រកួតបវរកញ្ញា ទៅអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយសង្គ្រោះមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយក្រុមយោធា។

លោក Nawat Itsaragrisil នាយកកម្មវិធី Miss Grand International បានលើកឡើងថា បវរកញ្ញាមីយ៉ាន់ម៉ា Han Lay មិនមានសុវត្ថិភាពឡើយ បើគិតវិលត្រឡប់ទៅកាន់ប្រទេសវិញនាពេលនេះ។ បច្ចុប្បន្ន ក្រុមការងាររបស់លោករាប់រងរាល់ការចំណាយ និងបន្តស្នើសុំសិទ្ធិការងារដើម្បីឲ្យ Han Lay ធ្វើការដោយសារស្របច្បាប់នៅក្នុងប្រទេសថៃ។

នាព្រឹត្តិការណ៍ប្រកួតបវរកញ្ញា Miss Grand International នៅទីក្រុងបាងកក កន្លងមក នាង Han Lay បានយកវេទិកាដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិជួយដល់មីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយក្រុមយោធា។ នាងបានលើកឡើងថា វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់នាងក្នុងនាមជាពលរដ្ឋមីយ៉ាន់ម៉ា ដែលតស៊ូដើម្បីយុត្តិធម៌ និងសុំជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ។

«បន្ទាប់ពីការថ្លែងរបស់ខ្ញុំ ពួកគេដឹងកាន់តែច្បាស់ពីស្ថានភាពនៅមីយ៉ាន់ម៉ា ព្រោះកន្លងមក ពួកគេអាចដឹងត្រឹមតែថា មានរដ្ឋប្រហារយោធា ដោយមិនដឹងថា ពលរដ្ឋប៉ុន្មាននាក់ត្រូវបានសម្លាប់ និងរងទោសទណ្ឌនៅក្នុងប្រទេសនោះឡើយ។ ខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់ការគាំទ្រដល់មីយ៉ាន់ម៉ា»។ Han Lay បានលើកឡើងយ៉ាងដូច្នេះ។

នាង Han Lay នឹងបន្តធ្វើការនៅក្នុងប្រទេសថៃ នៅក្នុងប្រទេសថៃ ហើយបន្ទាប់មក ព្យាយាមសុំសិទ្ធិជ្រកកោន ក្រោមការជ្រោមជ្រែងរបស់ស្ថាប័នរៀបចំការប្រកួតបវរកញ្ញា Miss Grand International។

ការនិយាយប្រឆាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងធ្វើឲ្យ Han Lay ប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ បើសិនបើនាងវិលត្រឡប់ទៅប្រទេសវិញ។ នាងត្រូវបានលើកទឹកចិត្តឲ្យរស់នៅបន្តក្នុងប្រទេសថៃ។ បវរកញ្ញារូបនេះ បានអះអាងថា ក្រុមគ្រួសាររបស់នាងនៅមីយ៉ាន់ម៉ា មិនមានបញ្ហាអ្វីនោះឡើយ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook