អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី រួមជាមួយលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃចន្ទទី០៥ ខែ មេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងែទី០៤ ខែមេសានេះនៅភូមិក្បាលស្ពាន១ និងភូមិ សាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារចំនួន២ផ្សារ ក្នុងភូមិក្បាលស្ពាន១ ត្រូវខ្យល់កន្ត្រាក់រលំបើងដួលនោះ ។

ក្នុងឱកាសនោះកិច្ចការដោះស្រាយបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជម្រកផ្ទះសម្បែករស់នៅ ឯកឧត្តម រួមជាមួយក្រុមការងារក្រុង បានផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣ មានយោធា នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដើម្បីរៀបចំជួសជុលឡើងវិញ លើផ្ទះខូចខាតធ្ងន់ស្រាលចំនួន ១៩ខ្នងផ្ទះ អស់សង្ក័សី ចំនួន២១៧ សន្លឹក និងឈើមួយចំនួន។ ដោយឡែកផ្សារដែលបងប្អូនអាជីវករលក់ដូរ ខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំជួសជុលឱ្យបានរឹងមាំឡើងវិញ។

ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមមានការ ប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូតសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ផ្គររន្ទះ។ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឱ្យបានល្អ ដើម្បីបង្ការចៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើងនោះ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក៏សូមចូលរួមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នា៕
