Connect with us

ព័ត៌មានទាន់ហេតុការណ៍

បទវិភាគ ៖បណ្តាញផ្កាយរណប តាមដានការកាប់បំផ្លាញព្រៃឈើជុំវិញពិភពលោករកឃើញថា ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៣ ដែលបាត់បង់ព្រៃឈើតំបន់ត្រូពិចខ្លាំងជាងគេក្នុងឆ្នាំ ២០១៩

បណ្តាញសកលនៃអង្គការការពារបរិស្ថាន បានព្រមានបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានប្រកាសពីគម្រោងធំមួយប្រឈមនឹងជោគជ័យគឺ  “ ប្រេងម៉ាស៊ូតបៃតង ១០០%” បង្កើនចំណែកប្រើប្រេងដូងនៅក្នុងជីវឧស្ម័ន ដែលនឹងបង្កើនហានិភ័យពីការបំផ្លាញព្រៃឈើ ដោយសារមាន​ការកាប់រានព្រៃតំបន់ត្រូពិកកាន់តែច្រើនឡើង ដើម្បីត្រៀមដីដាំដូងប្រេង។

ជីវឧស្ម័នគឺជាឥន្ធនៈម៉ាស៊ូតជម្រើសថ្មី ផលិតចេញពីធនធានកកើតឡើងវិញ ដូចជា ប្រេងធញ្ញជាតិខ្លាញ់សត្វ ឬសារាយ ។ ជីវឧស្ម័នអាចរំលាយខ្លួនឯងបាន នេះបើយោងតាមយន្តការជីវសាស្រ្តតាមធម្មជាតិ ហើយមិនបំពុលឬធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

ប្រទេសឥណ្ឌូនេស៊ី ជាដែនដីព្រៃតំបន់ត្រូពិកធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក ( បន្ទាប់ពីតំបន់ព្រៃអាម៉ាហ្សូន គ្របដណ្តប់លើផ្ទៃប្រទេសចំនួន ៩ នៅប៉ែកខាងលើនៃទ្វីបអាមេរិកខាងត្បូង ហើយព្រៃអាងទន្លេកុងហ្គោ គ្របដណ្តប់ប្រទេសចំនួន ៦ នៅកណ្តាលទ្វីបអាហ្វ្រិក ) និងជាប្រទេសផលិតប្រេងដូងធំជាងគេនៅលើពិភពលោក បានបង្កើនចំណែកនៃការប្រើប្រេងដូងជីវឧស្ម័ន “ ជាបន្តបន្ទាប់ ” ចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីជំរុញតម្រូវការ ។

ដើម្បីកាត់បន្ថយការចំណាយយ៉ាងច្រើន ពីការនាំចូលប្រេងឥន្ធនៈជារៀងរាល់ឆ្នាំ និងចូលរួមជាមួយប្រជាជនលើភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ប្រទេសឥណ្ឌូនេស៊ីបានបង្កើនធាតុផ្សំ “ជីវសាស្ត្រ” ទៅក្នុងជីវឧស្ម័នពី ២០% ក្នុងឆ្នាំ ២០១៨ ដល់ ៣០% នៅពេលមួយឆ្នាំក្រោយមក ដោយចំណែកនៅសល់គឺជាឥន្ធនៈហ្វូស៊ីល។

លោក វីដូដូ បានកំណត់គោលដៅ ឲ្យជីវឧស្ម័នមានចំណែកផ្សំពីប្រេងដូង ១០០% ប៉ុន្តែមិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់ការអនុវត្តច្បាស់លាស់ទេ ដោយសារនៅមិនទាន់មានការសន្និដ្ឋានបញ្ចប់ ពីផែនការមេរបស់ក្រុមទីប្រឹក្សាជំនាញ។

កាលពីខែមករាកន្លងមកនេះ  PT Petamina ដែលជាក្រុមហ៊ុនថាមពលធំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសគម្រោងផ្តើមផលិតប្រេងម៉ាស៊ូត និងឥន្ធនៈសម្រាប់យន្តហោះពីប្រេងដូងនៅចុងឆ្នាំនេះ ដោយនឹងច្នៃប្រេងដូងឆៅ ៣,០០០ បារ៉ែល ដើម្បីផលិតប្រេងម៉ាស៊ូតឬបៃអូឌីសែល ហើយចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ផលិតកម្មនឹងកើនឡើងទ្វេដងដល់ ៦,០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយក៏តាំងគោលដៅផលិត ១ថ្ងៃ ២០,០០០ បារ៉ែល នៅរោងចក្រចម្រាញ់ប្រេងទី ២ នៅក្នុងឆ្នាំ ២០២៣ ។

យូយូន ហាម៉ូណូ ប្រធានកម្មវិធីយុទ្ធនាការដើម្បីយុត្តិធម៌នៃអាកាសធាតុពិភពលោក ក្រុមអភិរក្សបរិស្ថានឥណ្ឌូនេស៊ី ហៅ WALHI  (Indonesian Forum for the Environment ) បាននិយាយថា ពីការធ្វើសវនកម្ម ពេលនេះឥណ្ឌូណេស៊ីនៅមិនទាន់មានការត្រៀមផ្ទៃដីបន្ថែមដើម្បីដាំដូងប្រេងនោះទេ ប៉ុន្តែការឈូសឆាយរានព្រៃដ៏ធំកំពុងនឹងកើតឡើងនាពេលខាងមុខឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ។

ទិន្នន័យពីក្រុមឃ្លាំមើលព្រៃឈើពិភពលោកដែលប្រើបណ្តាញផ្កាយរណប តាមដានការកាប់បំផ្លាញព្រៃឈើជុំវិញពិភពលោក ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៣ ដែលបានបាត់បង់ព្រៃតំបន់ត្រូពិចខ្លាំងជាងគេក្នុងឆ្នាំ ២០១៩ ។

ប្រេងដូងដែលប្រើជាទូទៅសម្រាប់ផលិតគ្រឿងសំអាង ផលិតផលអាហារ និងបៃអូឌីសែលជុំវិញពិភពលោក កំពុងប្រឈមមុខនឹងសម្ពាធតវ៉ាប្រឆាំងពីក្រុមអភិរក្សបរិស្ថាននិងអ្នកប្រើប្រាស់ ដែលអះអាងថាការផលិតធ្វើឱ្យបាត់បង់ព្រៃឈើ កើតភ្លើងឆេះព្រៃបញ្ចេញផ្សែងពុល និងការយកប្រៀបលើពលកម្ម។

លោក ហាម៉ូណូ បាននិយាយទៀតថា ជីវឧស្ម័នឬបៃអូឌីសែលមិនគួរចាត់ទុកជាជម្រើសសម្រាប់ឥន្ធនៈហ្វូស៊ីលឡើយ ហើយការប្រើប្រាស់ឥន្ធនៈទាំងពីរប្រភេទត្រូវកាត់បន្ថយ។ ជម្រើសប្រសើរបំផុតរដ្ឋាភិបាលឥណ្ឌូនេស៊ី គួរតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយកាបូនដែលប្រឈមមុខជាង។

ចាប់តាំងពីឆ្នាំ ២០១៨ ប្រទេសឥណ្ឌូនេស៊ីបានកំណត់ឲ្យបៃអូឌីសែល ជាថាមពលកំហិតឲ្យប្រើទៅលើទាំងរថយន្តផ្ទាល់ខ្លួននិងរថយន្តអាជីវកម្ម ។ ពេលនេះសមាមាត្រនៃបៃអូឌីសែលនៅក្នុងប្រទេស នៅត្រឹម ៣០% តែនៅពេលតម្រូវការឡើងខ្ពស់ ពិតណាស់ថា តម្រូវការប្រេងដូងក៏នឹងឡើងខ្ពស់ផងដែរ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ LMC International បរិមាណផលិតបៃអូឌីសែលឬម៉ាស៊ូតប្រេងដូងរបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ ២០២០ ប្រើប្រេងដូងត្រឹម ៧ លានតោន ពីទិន្នផលប្រេងដូងសរុបរបស់ប្រទេសប្រមាណ ៤១.៤ លានតោន ពីការប្រើប្រមាណ ១.៤ លានតោនក្នុងឆ្នាំ ២០១៥ ។

ភាគីជាច្រើនជឿ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងមិនផ្លាស់ប្តូរផែនការសម្រាប់ការប្រើប្រាស់ជីវឥន្ធនៈជំនួសប្រេងម៉ាស៊ូតដែលនាំចូលនោះទេ ខណៈដែលក្រសួងថាមពលឥណ្ឌូនេស៊ីបានប៉ាន់ស្មានថា ត្រូវការដីជាង ១៥ លានហិកតាទៀត សម្រាប់ធ្វើចម្ការដូងថ្មី ដើម្បីសំរេចបានគោលដៅគំរោងបៃអូឌីសែលឬជីវៈម៉ាស៊ូតរបស់រដ្ឋាភិបាល…៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook