(ពោធិ៍សាត់)៖ មន្ត្រីក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញពាក់ព័ន្ធជាង ៣០០នាក់ បានបន្តដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមស្រុកវលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។ ពិធីនេះធ្វើឡើងចំទិវាភពផែនដីផងដែរ ។
យុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅស្រុកវាលវែង ក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់ តែខ្លាំងឡើងក្នុងចំណោមសាធារណជន ។
យុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ ដែលបានឆ្ពោះមកកាន់ខេត្តតំបន់ជួរភ្នំក្រវាញនេះ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធ នាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០ ២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០ ២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បន្ទាប់ពីយុទ្ធនាការលើកទី១កាលពីឆ្នាំ ២០២២កន្លងមក ត្រូវបានបញ្ចប់ដោយយោគជ័យ ។
ហើយក្រសួង និងអង្គការដៃគូបានបន្តបើកយុទ្ធនាការនេះ នៅស្រុកវាលវែងបន្តទៀត ដោយសារតែតំបន់នេះមានការដាក់អន្ទាក់ច្រើន និងជាកន្លែងសំបូរសត្វព្រៃច្រើន ។
ជាងនេះទៅទៀតតំបន់នេះមានព្រៃឈើច្រើនផងដែរ ហើយដើម្បីបណ្តុះគំនិតដល់ប្រជាពលរដ្ឋយល់ដឹងពីគុណសម្បត្តិរបស់សត្វព្រៃ រុក្ខ ជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ី ក្នុងការជួយទ្រង់ទ្រងជីវិតសត្វ និងមនុស្ស ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ គឺជាតំបន់ដែលសំបូរដោយអន្ទាក់ច្រើនជាងគេ ដោយសារតែតំបន់នេះសំបូរដោយសត្វព្រៃដូចជា៖ សត្វដំរី សត្វកែះ សត្វប្រឹស សត្វជ្រូកព្រៃ ។ល។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា៖ «ការធ្វើយុទ្ធនាការនេះ គឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះ ដែលរយៈពេល៧០ឆ្នាំមកនេះ ការធ្លាក់ចុះសត្វ ព្រៃ ហើយតាមការស្រាវជ្រាវ គឺប្រមាណ៦០ភាគរយ »។
ឯកឧត្តមបានលើកឡើងថាការធ្លាក់ចុះប្រភេទសត្វព្រៃនេះដោយសារមានការរកឃើញអន្ទាក់ត្រូវបានព្រានព្រៃដាក់ក្នុងព្រៃដើម្បីដាក់ចាប់សត្វ ។
អ្វីដែលសំខាន់នោះយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះដែរ ដើម្បីអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីហានិភ័យនៃការបាត់បង់សត្វព្រៃ បែរមកនាំគ្នាចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា ។
លោក គង់ ពុទ្ធិរ៉ា ប្រធានមន្ទីបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថាបន្ទាប់ពីបើកយុទ្ធនាការលើកទី១កន្លងមកនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីតម្លៃសត្វព្រៃ ហើយបច្ចុប្បន្នគេឃើញថាតាមទីផ្សារដែលធ្លាប់ដាក់តាំងលក់សាច់សត្វព្រៃ មានការថយចុះ ចំណុចនេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីគុណសម្បត្តិរបស់សត្វព្រៃ និងដឹងពីគុណវិបត្តិនៃការបរិភោគសាច់សត្វព្រៃ ។
ទាក់ទិនក្នុងរឿងនេះដែរលោក ងួន ប៊ុណ្ណារ៉ា នាយករដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថាខាងរដ្ឋបាលព្រៃឈើតែងបានធ្វើការចុះណែនាំអាជីវករ និងទីតាំងអាហារដ្ឋានទាំងអស់នៅក្នុងខេត្តពោធិ៍សាត់មិនត្រូវដាក់បង្ហាញមុខម្ហូប នៅបញ្ជីឈ្មោះមានប្រភេទសត្វព្រៃជាដាច់ខាត ។
លោកថារដ្ឋបាលព្រៃឈើក៏បានសហការជាមួយដៃគូរពាក់ព័ន្ធនានាក្នុងធ្វើការហាមឃាត់ និងអប់រំដល់ប្រជាពលរដ្ឋក្នុងស្រុកឱ្យដឹងពីគុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគសាច់សត្វព្រៃ ។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមឯកសារស្រាវជ្រាវ និងរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្ត ជំងឺដែលកើតឡើងប្រមាណ ៦០ភាគរយ ដែលមានលក្ខណៈស្រដៀងកូវីដ១៩ និងខ្លះខ្លាំងជាងកូវីដ១៩ គឺមានប្រភពចេញពីសត្វស្រុក ឬសត្វព្រៃ ។
វីរុសដែលកើតតាមផ្លូវដង្ហើមវិញ គឺគេសង្ស័យកើតចេញពីប្រចៀវហើយឆ្លងទៅ សេះបន្ទាប់មកវាឆ្លងមកដល់មនុស្ស ជំងឺទាំងអស់នេះបានឆ្លងបន្តពីសត្វមួយទៅសត្វមួយទៀតមុនឆ្លងដល់មនុស្ស ដែលនេះបានបង្ហាញពីវីរុសសាហាវៗកើតចេញពីសត្វព្រៃតែម្តង ។
សូមបញ្ជាក់ថាខេត្តពោធិ៍សាត់ ដែលតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា នោះគឺមានតំបន់ការពារធម្មជាតិចំនួន០៦ គឺឧទ្យានជាតិជួរ ភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩,២៩៧ ៕











