បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា បន្ទាប់ពីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៩ខ្នង និងបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសស្រាលចំនួន ៥នាក់។ ក្រោយទទួលបានព័ត៌មាន មេបញ្ជាការកងពលបានចាត់តាំងកម្លាំងចុះអន្តរាគមន៍ជួយភ្លាមៗ និងសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល និងអាជ្ញាធរមូលដ្ឋាន ដោយជួយរុះរើបំណែកផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត និងជួយធ្វើរោងស្នាក់នៅបណ្តោះអាសន្នចំនួន ១គ្រួសារ ព្រមទាំងបានបញ្ជូនរថយន្តសង្គ្រោះក្រុមគ្រូពេទ្យព្យាបាលជូនប្រជាពលរដ្ឋដែលរងរបួសផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំយោធភូមិភាគទី៥ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្ត្រដែលអង្គភាពឈរជើង ក្នុងនោះដែរដោយខេត្តបន្ទាយមានជ័យ តែងតែជួបប្រទះខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ស័ង្កសីចំនួន ៥០០០សន្លឹក សម្រាប់ឆ្នាំ២០២១ ត្រៀមទុកសម្រាប់អង្គភាពចេញបេសកកម្ម បំពេញប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អង្គភាពបានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន៨លើក ប្រើប្រាស់កម្លាំងសរុបចំនួន ២៩៥នាក់ និងជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៤៧ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ១៥ខ្នង ប្រើប្រាស់ស័ង្កសីអំណោយ លោក ហ៊ុន ម៉ាណែត និងលោកស្រីសរុបចំនួន ៩៧៥សន្លឹក៕