Connect with us

ព័ត៌មានជាតិ

កិច្ចសហការក្នុងក្របខណ្ឌអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងបង្កើតជាគំរូនៃសហថាមពលនិងសហបង្កើតថ្មី រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន

អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច បានថ្លែងថា កិច្ច សហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាមួយធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) នឹងបង្កើតជាគំរូនៃសហថាមពល និងសហបង្កើតថ្មី រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរស់រវើក និងស្របតាមគោលនយោបាយ ជាពិសេសនិន្នាការជាតិ តំបន់ និងសកល ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA ថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានសហការជាមួយធនាគារABA លើការងារមួយចំនួនរួចហើយ ក្នុងវិស័យឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ។

ឯកឧត្តមបានបន្តថា ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញនិងពង្រីកកិច្ចសហការកាន់តែល្អប្រសើរដូចជា ៖ ការចែករំលែកចំណេះដឹង, បទពិសោធន៍ និង ការបណ្ដុះបណ្ដាល, ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និងការគាំទ្រលើសកម្មភាព និង កម្មវិធីផ្សេងៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ សំដៅជំរុញ និង អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

« កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហថាមពល (Synergy) និង សហបង្កើតថ្មី (Co-creation) រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និងផលិតផលថ្មីៗ សំដៅលើកម្ពស់ការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព ផ្អែកលើបច្ចេកវិទ្យានិងនវានុវត្តន៍ » ។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារ ABA និង ការប្រគល់វិញ្ញាបនបត្រសមាជិកភាពថ្នាល CamDX  មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំធនាគារABA, ថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ និង ក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិកថ្នាលCamDX និងតំណាងសមាគមពាក់ព័ន្ធ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook