ខេត្តកំពង់ចាម ៖ ខ្មោចនាវាដឹកគ្រាប់ក្នុងសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧០-១៩៧៥ របស់ទាហាន លន់ ណុល ដែលបានបាញ់ពន្លិចដោយទាហានខ្មែរក្រហម ត្រូវបានស្ដារឡើងលើសាឡង់ធំមួយគ្រឿងពីបាតទន្លេមេគង្គ ជម្រៅជិត៣០ម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ក្នុងនោះ បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទសរុបជាង១៦តោន ព្រមទាំងគ្រោងឆ្អឹងសាកស.ពទាហានតាមការសន្និដ្ឋានអាចមានពី៥ទៅ៨នាក់។ លទ្ធផលជោគជ័យនេះ ដោយសាមានការយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរមូលដ្ឋានថ្នាក់ខេត្តរហូតដល់អន្តរក្រសួង។
លោកឧត្តមសេនីយ៍ទោម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក មានប្រសាសន៍ឲ្យដឹងថា សម្រាប់លទ្ធផលសម្រេចបានរយៈពេល៦ខែក្នុងនោះ រួមមានគ្រាប់ធុនតូច១២.៧មម ចំនួន១០៤.៥៨០គ្រាប់ គ្រាប់ក្បាល៦០មម ចំនួន ៥៦៤គ្រាប់ គ្រាប់ក្បាល១០៥មម ចំនួន១០គ្រាប់ ទំងន់សរុបប្រមាណជាង១៦.៦៧៦kg ។ សម្ភារៈសឹក និងឆ្អឹងសាកស.ព អាវុធអាកា47 ចំនួន១៩ដើម កាំភ្លើងធុន១២.៧មម ចំនួនមួយដើម កាណុងកាំភ្លើងត្បាល់៦០មម ចំនួន១ឆ្អឹងសាកស.ពជាច្រើនបំណែក សរុបមនុស្សអាចមានពី៥ទៅ៨នាក់។

លោកមេបញ្ជាការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក មានប្រសាសន៍បន្តថា នៅចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ នៅតាមផ្លូវទន្លេមេគង្គ គឺមានចរាចរណ៍ជលយានច្រើនរៀនរាល់ថ្ងៃ ហើយនៅបាតទន្លេពោរពេញដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសេចក្តីសុខ និងបរិស្ថានល្អ ដោយក្រុមបុស្សសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានតួនាទីភារកិច្ចដើម្បីធ្វើការងារ ទោះបីជាស្មុគស្មាញច្រើន មានការប្រឈមគ្រោះថ្នាក់ជាមួយនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយគ្រោះថ្នាក់នៅបាតទន្លេកម្លាំងរបស់លោកនៅតែតស៊ូមុជទឹកទឹកចុះស្រាវជ្រាវប្រមូលរកអាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងជម្រៅទឹកចន្លោះពី២០ទៅ៣០ម៉ែត្រ ។
គ្រាប់ទាំងនោះ ត្រូវស្រង់ឡើងមកលើគោក ដោយមានការប្រុងប្រយ័ត្នបំផុត យកមកដាក់នៅក្នុងរណ្ដៅដីលើច្រាំងទន្លេនៅភូមិវាលជាកន្លែងសុវត្ថិភាពដែលសរុបមានជាង១៦តោន។
ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបន្តបេសកកម្មនៅ៤ទីតាំងបន្ថែមទៀត ដែលកំពុងបើកកិច្ចប្រតិបត្តិការ ក្នុងនោះរួមមាននៅបឹងគ្រំស្រុកល្វាឯម ខេត្តកណ្ដាល កន្លែងទី៣នៅភូមិកោះចូរ៉ាមស្រុកខ្សាច់កណ្ដាល បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួច សំដៅប្រមូលឲ្យអស់នៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក៏ដូចជា វត្ថុតាងដែលបានបន្សល់ទុកនៅក្នុងសម័យសង្គ្រាមដើម្បីយកទៅដាក់នៅសារមន្ទីរសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាភស្តុតាងបង្ហាញពីករណីសិក្សាសង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ។ នៅក្នុងជំហានទី១ ការសន្និដ្ឋានគ្រាប់កប់នៅក្នុងនាវាដឹកគ្រាប់ដែលលិចនៅបាតទន្លេក្នុងស្រុកស្រីសន្ធរអាចមានក្នុងរង្វង់ចន្លោះពី៤០ ទៅ៥០តោន ដែលមានទំហំ៥គុណ៣០ម៉ែត្រ ដែលអាចផ្ទុកគ្រាប់បាន៣០០ទៅ៥០០តោនផងដែរ។ នាវានេះ មុននឹងលិច គឺគ្រាប់បានផ្ទុះអស់ជាច្រើនតោន ដែលធ្វើអោយគ្រាប់ដទៃទៀតត្រូវបាចសាច ដោយសារតែការផ្ទុះ។
ជាក់ស្ដែងគ្រាប់ដែលប្រមូលបានសរុបមានជាង១៦តោនប៉ុណ្ណោះ ដែលនាវានេះត្រូវបានកប់ទៅដោយល្បាប់ខ្សាច់ចំរៅ១០ម៉ែត្រ ។ បន្ទាប់ពីស្ដារ និងស្ទូចខ្មោចនាវាមកដាក់លើគោកគ្រងនឹងរៀបចំឱ្យមានលក្ខណៈដូចដើម និងដឹកយកទៅដាក់នៅសារមន្ទីរ រួមទាំងគ្រាប់ ដែលត្រូវបានបំផ្ទុះរួចរាល់សល់តែសំបក។
តាមរយៈក្រុមការងារចុះរាវរកនៅបាតទន្លេ បានប្រទះឃើញបំណែកគ្រោងឆ្អឹងសាកស.ពជាបន្តបន្ទាប់ ហើយការសន្និដ្ឋានថា អាចមានក្នុងរង្វង់ពី៥ទៅ៨នាក់ ក្រោយពីមានការប្រជុំបាញ់តដៃគ្នារវាងទាហានលន់ណុល និងខ្មែរក្រហម ក្នុងនោះពេលមុននាវាលិច ក៏មានទាហានម្នាក់បានហែលរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងបានទៅប្រាប់សាច់ញាតិមិត្តភក្កិឱ្យដឹងថា អ្នកនៅលើនាវា គឺត្រូវបានស្លា.ប់ទាំងអស់។ ជាមួយនោះក៏មានសាច់ញាតិចំនួន៣នាក់ បានមកទាក់ទងក្រុមការងាររបស់លោក ដោយរកស្លាកឈ្មោះអ្នកស្លា.ប់មិនឃើញ តែបានសូត្រមន្តឧទ្ទិសកុសលដល់អ្នកស្លា.ប់ទាំងនោះផងដែរ។
នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងមានប្រសាសន៍សម្ដេចសំណាល ដែលគូសបញ្ជាក់ថា នាវាមួយគ្រឿងដែលត្រូវបានស្រង់ឡើងមកលើផ្ទៃទឹកទន្លេ គឺត្រូវបានបាញ់ពន្លិចនៅក្នុងសង្គ្រាមសម័យលន់ណុល ក្នុងចន្លោះឆ្នាំ១៩៧២-១៩៧៥ ដំណឹងដំបូងគេបានមកពីក្រុមហ៊ុនបូមខ្សាច់នៅភូមិវាល ដោយបូមបានគ្រាប់ រួចក៏រាយការណ៍មកអាជ្ញាធរស្រុក និងខេត្ត។
ដោយនៅខែមករា ដើមឆ្នាំ២០២១ សកម្មភាពរបស់កម្លាំងរាវរកគ្រាប់មិនទាន់ផ្ទុះនៅបាតទន្លេ គឺមានភាពសកម្មគួរឲ្យកត់សម្គាល់ និងបានប្រមូលគាត់ជាច្រើនប្រភេទ រហូតដល់ជាង១៦តោន ពីបាតទន្លេដែលមានជម្រៅដល់ចិត្ត៣០ម៉ែត្រ ។ ដែលនេះជាប្រវត្តិសាស្ត្រមិនធ្លាប់មាន ទើបតែមានលើកទី១ នៅកម្ពុជា កម្លាំងដែលចុះរាវរកគ្រាប់នៅបាតទន្លេនេះធ្លាប់មានប្រវត្តិចេញទៅជាកងទ័ពរក្សាសន្តិភាពនៅសូដង់៕