Connect with us

ព័ត៌មានជាតិ

ពេលនេះមេធាវីដល់ទៅ៩រូប ស្ម័គ្រចិត្តចេញមុខការពារក្តីជូនសន្តិសុខ ក្នុងរឿងផ្ទុះអាវុធនៅស្ពានអាកាសទឹកថ្លា

ភ្នំពេញ៖ មេធាវី៩រូប មកពីក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោក ភឿន ភិរៈ សន្តិសុខធានាគារ ABA ដែលបានជាប់ចោទក្នុងសំណុំរឿងហិង្សាផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមមេធាវី បានអះអាងថា ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។

មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៉ីង, មេធាវី នី ចាន់ឌី, មេធាវី ឈរ ស៊ុនហុង, មេធាវី ស៊ឹង ច័ន្ទកន្និកា, មេធាវី សាន សុផា, មេធាវី ណែប ម៉ូនីកា, មេធាវី ឆន សំណាង, មេធាវី ប៉ាល់ វណ្ណារី និងមេធាវី អោម ប៊ុនថា។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងទៅនេះ មានកើតករណីហិង្សាមួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លៃរវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។ អំពើហិង្សាបានឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យយុវជន ដែលគេអះអាងថា បែកថ្នាំផងនោះ ស្លាប់បាត់បង់ជីវិត ពេលរូបគេកាន់កាំបិតសម្តៅចូលទៅចាក់បុរសសន្តិសុខ និងជាជនសង្ស័យក្នុងសំណុំរឿងនេះ។

ជុំវិញករណីហិង្សានេះ អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកច្បាប់មួយចំនួនផង បានចាត់ទុកការបាញ់របស់លោក ភឿន ភិរៈ ទៅលើជនរងគ្រោះ គ្រាន់តែជាករណីការពារខ្លួនប៉ុណ្ណោះ។ អ្នកលេងបណ្តាញសង្គមចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែងលើអង្គហេតុនៃអំពើហិង្សា និងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។

ជនសង្ស័យ ភឿន ភិរៈ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook