ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនឯកជនហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សប្បនិមត្តិទំហំ ២៣៤ ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។
ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។
បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើត សេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។
ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស ៕