Connect with us

ព័ត៌មានទាន់ហេតុការណ៍

តើការវិនិយោគ លើការិយាល័យជួល ទទួលបានផលចំណេញ ពីការវិនិយោគយ៉ាងដូចម្តេច?

ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យបានអះអាងថា ការវិនិយោគទៅលើអគារ ការិយាល័យជួលបែបទំនើប នៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ ខណៈដែលវិស័យមួយនេះ បានផ្តល់ផលចំណេញ ពីការវិនិយោគយ៉ាងច្រើន បើធៀបទៅនឹងផ្នែកដទៃទៀត នៅក្នុងទីផ្សារអចលនទ្រព្យ។

អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលប្រភពដើមមកពី សហរដ្ឋអាមេរិក Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៧ កញ្ញានេះថា ទីផ្សារការរិយាល័យជួលនៅកម្ពុជា នាពេលបច្ចុ​ប្បន្ននេះ ហាក់នៅមិនទាន់មានតម្រូវការ ទីផ្សារខ្ពស់នោះទេ ភាពស្ងប់ស្ងាត់ទាំងនេះក៏ដោយ​សារតែបណ្តាលមកពីវិបត្តិ នៃជំងឺឆ្លងប៉ុន្តែនៅពេលបន្តិចទៀត ខ្ញុំជឿជាក់ថា តម្រូវការទីផ្សារមួយនេះ នឹងមានកំណើនខ្ពស់។

លោកបានបញ្ជាក់ថា “តម្រូវការជួលអគារការិយាល័យ នឹងមានកំណើនបន្ទាប់ពី ស្ថានភាពសេដ្ឋកិច្ចសាកល ត្រូវបានវិលត្រឡប់ ទៅរកភាពល្អប្រសើរវិញ”។ លោកបន្តថា “សម្រាប់ទីផ្សារកម្ពុជា ការផ្គត់ផ្គង់ក្នុងវិស័យមួយនេះ ហាក់នៅមានកម្រិតនៅឡើយ ហើយក៏មិនសូវមានការ ប្រកួតប្រជែងខ្លាំងនោះដែរ”។

ម្ចាស់អាជីវកម្មមួយចំនួន នៅបន្តជួលអគារចាស់ ឬផ្ទះល្វែងនិងវីឡាជាន់ជាប់ដី ធ្វើជាទីស្នាក់ការក្រុមហ៊ុន របស់ខ្លួននៅឡើយ។ បន្តិចទៀតរបត់សង្គម នៃមុខជំនួញនឹងជំរុញឱ្យពួកគាត់ ផ្លាស់ប្ដូរគំនិតនិងឥរិយាបទ ចាស់ជាមិនខាន។

លោក Ken Lo បានបន្តថា “នៅពេលដែលមាន អ្នកជំនួញអន្តរជាតិ ចូលមកទីផ្សារកម្ពុជាកាន់តែច្រើន តម្រូវការជួលអគារ ការិយាល័យបែបទំនើប នឹងមានតម្រូវការខ្ពស់ ព្រោះក្រៅពីផ្តល់ភាពងាយស្រួល ក្នុងការបំពេញការងារ ថែមទាំងអាចជួយបង្ហាញ ពីស្ថានភាពរបស់ក្រុមហ៊ុន រួមជាមួយនឹងការផ្តល់ ទំនុកចិត្តកាន់ច្រើន ទៅដល់បណ្តាក្រុមហ៊ុន វិនិយោគនានាដែលជាដៃគូ”។

ពាក់ព័ន្ធទៅនឹងទីផ្សារនៃការផ្គត់ផ្គង់ អគារការិយាល័យជួល នៅពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា មួយចំណែកធំស្ថិតនៅតាម បណ្តាអគារពាណិជ្ជកម្មធំៗ ដូចជាអគារពាណិជ្ជកម្ម កម្រិតខ្ពស់វឌ្ឍៈកាពីតាល់ អគារពាណិជ្ជកម្ម Exchange Square អគារកាណាឌីយ៉ា មជ្ឈមណ្ឌលពាណិជ្ជកម្ម ចំរុះនៅតំបន់កោះពេជ្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia ហើយមួយចំនួនទៀតនៅក្នុង តំបន់បឹងកេងកងជាដើម។

លោក Ken Lo បានអះអាងថា “ការផ្គត់ផ្គង់ការិយាល័យជួល នៅក្នុងអាគារធំៗ គឺនៅមានកម្រិតនៅឡើយ ប៉ុន្តែអគារពាណិជ្ជកម្មតូចៗ នៅតាមតំបន់នានាក្នុង រាជធានីភ្នំពេញគឺមានច្រើន ប៉ុន្តែស្ថិតក្នុងកម្រិតស្ដងដារនោះទេ ។ លោកបញ្ជាក់ថា “ការិយាល័យជួលត្រូវបានបែងចែក កម្រិតនៃប្រណីតភាពជា៣ដូចគ្នាទៅ នឹងការបែងចែកកម្រិតខុនដូ អាផាតមិនផងដែរ។

សម្រាប់ការិយាល័យជួលកម្រិត A បច្ចុប្បន្នឃើញមាននៅក្នុងអគារ ពាណិជ្ជកម្មកម្រិតខ្ពស់វឌ្ឍនៈកាពីតាល់ និងអគារពាណិជ្ជកម្ម Exchange Square ហើយមួយចំនួនទៀត ឃើញមាននៅតំបន់កោះពេជ្រ។

ប្រភេទការិយាល័យជួលកម្រិត A មានតម្លៃក្នុងចន្លោះចាប់ពី ២៥–៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតBមានតម្លៃក្នុងចន្លោះ១៥–២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C មានតម្លៃក្នុងចន្លោះ៨–១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកKen Loបានបន្តថា “សព្វថ្ងៃនេះយើងទទួលស្គាល់ថា តម្រូវការជួលការិ​យាល័ យកម្រិត B គឺមានច្រើន ហើយតម្រូវការការិយាល័យកម្រិត A នៅមានកម្រិត ប៉ុន្តែក្រោយពេលវិបត្តិត្រូវបានទប់ស្កាត់ ហើយសេដ្ឋកិច្ចសាកល ចាប់ផ្តើមមានកំណើនឡើងវិញ នោះតម្រូវការការិយាល័យកម្រិត A នឹងកើនឡើងជាក់មិនខាន់” ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook