Connect with us

ព័ត៌មានទាន់ហេតុការណ៍

តៃវ៉ាន់អនុម័ត​សំណើ​​ដូរឈ្មោះ China Airlines ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថាជារបស់​ចិនដីគោក

ថ្មីៗនេះ សភា​កោះតៃវ៉ាន់​បាន​អនុម័ត​សំណើ​ដូរ​ឈ្មោះ​អាកាសចរណ៍ China Airlines ចេញ ដើម្បី​កុំ​ឲ្យ​ច្រឡំគ្នា​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍របស់​ចិនដីគោក ។ នេះ​បើយោងតាមការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

សំណើ​នោះស្នើ​ឲ្យ​ក្រសួងដឹកជញ្ជូន​របស់​តៃវ៉ាន់​រៀបចំ​​ដាក់ចេញ​នូវ​ផែនការ​​​រយៈពេល​ខ្លី និង​​​រយៈពេលវែង​ សម្រាប់​ការ​ប្ដូរ​ឈ្មោះ​-ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Airlines ដែល​ភាគហ៊ុន​មួយចំណែក​កាន់កាប់​ដោយ​រដ្ឋាភិបាលកោះតៃវ៉ាន់ ។

ថ្លែងការពារ​សំណើ ប្រធាន​សភា​តៃវ៉ាន់ លោក Yu Shyi-kun បាន​និយាយថា ក្រសួងដឹក​ជញ្ជូន​គួរតែ​ធ្វើ​យ៉ាង​ណា​ឲ្យ China Airlines ត្រូវគេស្គាល់ជាអន្តរជាតិ​កាន់តែច្បាស់ថាជារបស់កោះតៃវ៉ាន់ ដើម្បី​ការពារ​ផល​ប្រយោជន៍​តៃវ៉ាន់ ដោយសារតែនៅក្រៅ​ប្រទេស​ គេច្រើនច្រឡំថាជា​អាកាសចរណ៍របស់​ចិន​ដីគោក ។

ប៉ុន្តែ ទោះយ៉ាងណា សំណើ​មិន​បាន​បញ្ជាក់ច្បាស់អំពី​គម្រោង​ពេលវេលា​សម្រាប់​ការ​ផ្លាស់ប្ដូរ​ឈ្មោះ-ម៉ាក​យីហោ​របស់ China Airlines នេះ​ នោះទេ ។

អ្នក​រិះគន់​ខ្លះ បាន​បារម្ភថា ផែនការប្ដូរឈ្មោះ China Airlines នេះ អាច​នឹង​បញ្ឆេះ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងខឹង ។

នៅលើ​បញ្ហា​ជាច្រើនជាមួយចិនដីគោក រដ្ឋាភិបាល​កោះតៃវ៉ាន់តែងដោះស្រាយយ៉ាងប្រយ័ត្ន​ប្រយែងបំផុត ដើម្បី​ជៀសវាង​កុំ​ឲ្យ​ចិន​ដីគោក​មាន​លេស​ប្រកាស​សង្គ្រាម ឬ​ចាប់ផ្ដើម​ជម្លោះយោធាជាមួយ​កោះតៃវ៉ាន់ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook