Connect with us

ចំណេះដឹង-អប់រំ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានសទ្ធាជ្រះថ្លាឧបត្ថម្ភថវិកា ១០០ ដុល្លារអាមេរិក ជូនដល់លោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានសទ្ធាជ្រះថ្លាឧបត្ថម្ភថវិកា ១០០ ដុល្លារអាមេរិក ជូនដល់លោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ឆ្នាំ ដែលបានជិះម៉ូតូដោយខ្លួនឯងនិងតែម្នាក់ឯងពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៊ីហ្គេម កីឡាអុកចត្រង្គ ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ។

ថវិកានេះ ត្រូវបានក្រុមការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី យកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់លោកតា ដែលកំពុងស្នាក់នៅបណ្តោះអា សន្នក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈក្រុមការងារថា នៅក្នុងឱកាសបុណ្យវិសាខបូជា ថ្ងៃ១៥កើតនេះ ឯកឧត្តមពិតជាមានចិត្តនឹកស្រណោះដល់ឪពុករបស់ឯកឧត្តម បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយពីលោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ ឆ្នាំ ដែលជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៊ីហ្គេម កីឡាអុកចត្រង្គ នៅរាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តឱ្យដឹងថា ឯកឧត្តម​ មានចិត្តរំភើបចំពោះលោកតា​ ហាក់ ស៊ាងឡាយ ហើយក៏នឹកស្រណោះដល់ឪពុករបស់ឯកឧត្តម គឺឧបាសក ព្រុំ សុន ដែលបានទទួលមរណភាពតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០ នៅក្នុងជន្មាយុ ៨០ឆ្នាំ ។

ប្រសិនបើលោក ឪពុករបស់ឯកឧត្តមនៅមានជន្មាយុយឺនយូរមកដល់ថ្ងៃនេះ ដែលជាថ្ងៃបុណ្យវិសាខបូជាទៀតនោះ ម៉្លេះសមឧបាសក ព្រុំ សុន ពិតជាមានឱកាសមកទស្សនាការប្រកួតកីឡាស៊ីហ្គេមដូចលោកតា ហាក់ ស៊ាងឡាយ ជាក់ជាមិនខាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសសើរចំពោះបុណ្យកុសលរបស់លោកតា ហាក់ ស៊ាងឡាយ ដែលមានអាយុវែង និងមានសុខភាពល្អអាចជិះម៉ូតូដោយខ្លួនឯងក្នុងចំងាយផ្លូវយ៉ាងវែងឆ្ងាយ ធ្វើដំណើរមកពីខេត្តក្រចេះ ។

ហេតុនេះហើយ ទើបឯកឧត្តមមានសទ្ធាជ្រះថ្លា ឧបត្ថម្ភថវិកាចំនួន ១០០ ដុល្លារអាមេរិកជូនលោកតា ដើម្បីធ្វើសោហ៊ុយពេលត្រឡប់ទៅផ្ទះវិញ ។

បន្ទាប់ពីទទួលបានថវិការួច លោកតា ហាក់ ស៊ាងឡាយ ដែលនិយមចូលចិត្តលេងអុកចត្រង្គ ហើយដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិរំដួល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ឱ្យតាមបីបាច់ថែរក្សាលោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងបុត្រធិតា និងចៅៗ ឱ្យជួបប្រទះនូវព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook