រដ្ឋបាលខេត្តកែបបញ្ជាក់ថា ធនាគារក្តាមសេះបានជួយអភិរក្សក្តាមនៅទូទាំងខេត្តកែបឲ្យមានការកើនឡើង ពិសេសធ្វើឲ្យការប្រើប្រាស់ធនធានក្តាមសេះប្រកប ដោយនិរន្តរភាព និងមិនផុតពូជ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបមាន ប្រសាសន៍ថា បរិមាណក្តាមសេះដែលត្រូវផ្គត់ផ្គង់នៅទីផ្សារក្នុងខេត្តកែបនិងលក់ចេញទៅក្រៅខេត្តមានចំនួនប្រហែលជា ២ ទៅ ៣ តោនដែលនេះជាចំនួនដ៏ច្រើនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការអភិរក្សឲ្យបានម៉ឺងម៉ាត់។

ឯកឧត្តមបន្តថា ដើម្បីធានានិរន្តរភាពក្តាមសេះ សម្រាប់តម្រូវការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ទាំងពេលបច្ចុប្បន្ននិងអនាគត រដ្ឋបាលខេត្តកែបក៏បានជំរុញការធ្វើវារីវប្បកម្មចិញ្ចឹមផ្សេងៗ ដូចជាបង្កើតឲ្យមានធនាគារក្តាមសេះដោយសមាជិកនៃសហគមន៍ក្តាមសេះគឺត្រូវមានឆន្ទៈបរិច្ចាគក្តាមដែលមានពងមកកាន់ធនាគារក្តាមដើម្បីឲ្យក្តាមដែលមានពងនោះជម្រុះពងចេញជាមុនសម្រាប់ចិញ្ចឹមក្នុងធនាគារក្តាមឲ្យធំបន្តិចទើបប្រលែងទៅក្នុងទឹកធម្មជាតិវិញ ខណៈដែលក្តាមដែលជម្រុះកូនអស់ហើយអាចលក់ទៅកាន់ទីផ្សារបាន។

“ការបង្កើតនៅធនាគារក្តាមសេះគឺកាត់បន្ថយការប្រើប្រាស់ក្តាមសេះធម្មជាតិ ដោយធនាគារក្តាមសេះគឺទិញក្តាមពងមកលែងនៅក្នុងបែរឬសំណាញ់នៅក្នុងទីតាំងធនាគារក្តាមសេះ ដោយលែងក្នុងរយ:ពេល៦ទៅ៧ថ្ងៃក្រហមបន្ទាប់មកឡើងខ្មៅ រហូតវាជ្រុះកូនរាប់ម៉ឺនរាប់សែនរាប់លានចូលទៅក្នុងសមុទ្រទឹកជ្រៅ នឹងទៅរកស្មៅសមុទ្រ ហើយមេក្តាមដែលជ្រុះកូនក្តាមអស់យើងអាចយកវាទៅលក់បាន”។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ដើម្បីធានាឲ្យធនធានក្តាមសេះនៅតែមានស្ថេរភាពនិងនៅតែអាចទ្រទ្រង់តម្រូវការទីផ្សារឬក៏អាចកើនឡើងបាននៅថ្ងៃមុខទាំងអ្នកលក់និងអ្នកទិញសុទ្ធតែអាចចូលរួមជាវិភាគទានបានដោយមិនទិញដូរក្តាមដែលមានពង៕