Connect with us

ព័ត៌មានជាតិ

ម្រេចកម្ពុជាក្លាយជាគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ

ភ្នំពេញ៖ ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេ ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ។មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសាទរដោយចាត់ទុកថាជាជោគជ័យថ្មីមួយ សម្រាប់ផលិតផលកសិផលខ្មែរដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនឯកជនចំនួនប្រាំពីរ បានដាក់ពាក្យស្នើសុំនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារចិន។

យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភានេះថា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ ស្ថានទូតបញ្ជាក់ថា៖«នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួនប្រាំពីរកន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ»។

ប្រភពខាងលើបន្ថែមថា ដើម្បីពន្លឿនការអនុវត្តន៍ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ គឺរដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដែលធ្វើឡើងតាមរយៈវិដេអូ ខុនវឺរ៉េន(Video Conference)។

ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook