អន្តរជាតិ៖ ក្រុមហ៊ុន Great Wall Motor (GWM) ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័រ និងភីកអាប់ ឈានមុខគេរបស់ប្រទេសចិន បានចាប់ផ្តើមមជ្ឈមណ្ឌល 4S ដ៏ទំនើបរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងកើនឡើងនៅក្នុងប្រទេស។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។ លោក Sdn Bhd Cui Anqi ជានាយកគ្រប់គ្រងក្រុមហ៊ុន GWM Sales Malaysia បាននិយាយថា “យើងមានសេចក្តីសោមនស្ស រីករាយក្នុងការណែនាំមជ្ឈមណ្ឌល 4S ដ៏ល្បីរបស់យើង ជាមួយនឹងសាលបទពិសោធន៍ទាំងអស់ ក្នុងពេលតែមួយ ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការពេញចិត្តរបស់អតិថិជន”។

លោកបានបន្ថែមថា “ជាមួយនឹងការពង្រីកបណ្តាញ និងបំណង ប្រាថ្នារបស់យើងក្នុងការបើកដំណើរការ HAVAL H6 និង GWM CANNON នៅឆ្នាំនេះ យើងរំពឹងយ៉ាង អន្ទះសានូវឱកាសក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពបន្ថែមទៀតនៅក្នុងប្រទេសម៉ាឡេស៊ី” ។

GWM បានរំលេចនូវម៉ូដែល NEV (New Energy Vehicle) ចំនួនបីក្នុងអំឡុងពេលពិព័រណ៍ Malaysia Autoshow ២០២៣។ ម៉ូដែលទាំងនេះគឺជាផ្នែកមួយនៃក្រុម Intelligent NEV របស់ ក្រុមហ៊ុន GWM ដែលបំពាក់នូវបច្ចេកវិទ្យានិងការរចនាដ៏ទំនើប៕