Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលា ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ ក្នុងពិធីតែងតាំងថា ដើម្បីរក្សា បាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្នងការដែលទើបទទួលតំណែងថ្មី ត្រូវរឹតបន្តឹងសភាពការណ៍នៅតាមបន្ទាត់ ព្រំដែន ដោយត្រូវសហការជាមួយភាគីថៃ ទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗតាមបន្ទាត់ព្រំដែន ពិសេសករណីរត់ពន្ធគ្រឿង ញៀន ដែលលជាចំនុចមួយដែលសមត្ថកិច្ចត្រូវធ្វើការទប់ស្កាត់ បង្ក្រាបឲ្យបានកុំឲ្យមានការហូរចូលមកទឹកដីកម្ពុជា និងត្រូវ បន្តក្តាប់ឲ្យបាននូវសភាពការណ៍តាមព្រំដែន ទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់ផ្សេងៗ ពិសេសការលួចឆ្លងដែនខុសច្បាប់ របស់ពលករកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសថៃ ត្រូវរួមចំណែក ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជំរុញអោយស្នងការដែលតែងតាំងថ្មីត្រូវចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តគំរូមួយ ទាំងការអនុវត្តវិន័យ ទាំងកងកម្លាំងអន្តរាគមន៍ ការចល័តទ័ព និងមធ្យោបាយប្រើប្រាស់ ជាពិសេសកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជាគំរូល្អមួយក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្នអន់ក្រ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើកផ្ទះ ជួយច្រូតស្រូវក្នុងទឹកផងដែរ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បន្ថែមអោយដឹងទៀតថា ជោគជ័យទាំងអស់ត្រូវតែមានការសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយថែមទាំងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានជម្រុញអោយស្នងការថ្មីត្រូវចេះព្យាករណ៍នូវសភាពការណ៍ដែលកើតមានឡើង នៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្តមិនដែលបោះបង់បំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។

ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់ កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយ ពួកគាត់បានយល់រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំនុចដើម្បីអនុវត្តក្នុងតួនាទី ភារកិច្ចទទួលបានជោគជ័យ ៖
ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។
ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ ដល់គណៈបញ្ជាការឯកភាព ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ។
ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌សូមអោយយកចិត្តទុកដាក់បំប៉នការរៀនសូត្រ។
ទី៥-ត្រូវពង្រឹងសាមគ្គីភាព សហការ ការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវរួបរួមគ្នាដើម្បីទទួលបាន ភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ទន្ទឹមនឹងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំអោយអាជ្ញាធរត្រូវចាត់កម្លាំងយាមកាម ឲ្យបានល្អប្រសើរ ដើម្បីធានារក្សា ឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នៅតាមគោលដៅទីវត្តអារាម តាមផ្លូវជាតិ តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា និងត្រូវប្រកាន់ភ្ជាប់នៅវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook