Connect with us

ព័ត៌មានជាតិ

គ្រំចំពុះទារបស់សហគមន៍ពាម ក្រសោប ចាប់ផ្តើមពង្រីកទីផ្សារក្នុងស្រុក កាន់តែទូលាយ ក្រោយមានការកែច្នៃ

គ្រំចំពុះទារបស់សហគមន៍ពាម ក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ចាប់ផ្តើមមានទីផ្សារក្នុងស្រុកកាន់តែប្រសើរ បន្ទាប់ពីមានការកែច្នៃ និងវេចខ្ចប់តាមបច្ចេកទេសស្តង់ដារអនាម័យ និងគុណភាពត្រឹមត្រូវ។ នេះជាសញ្ញា ណល្អមួយក្រោយការប្រមូលផល ខណៈកន្លងមកពឹងទាំងស្រុងទៅលើការបញ្ជាទិញរបស់ឈ្មួញពីប្រទេសជិតខាង។

បើតាមការឱ្យដឹងរបស់លោក វង្ស តារា ដែលជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាក្រៀម នៃសហគមន៍ពាមក្រសោប បានបញ្ជាក់ថា បច្ចុប្បន្ន ការលក់គ្រំចំពុះទានៅលើទីផ្សារក្នុងស្រុកមានភាពល្អប្រសើរឡើងហើយ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើឱ្យពលរដ្ឋតាមបណ្តាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ បានស្គាល់ពីគ្រំសមុទ្រមួយនេះ។

លោកថា សព្វថ្ងៃនេះ មានអ្នកបញ្ជាទិញយកទៅលក់នៅតាមម៉ាត ផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដោយគ្រំដែលមិនទាន់បកសំបកហើយអាចលក់ចេញបានចន្លោះពី២០០ទៅ ៣០០ គីឡូក្រាម ក្នុងមួយថ្ងៃ និងមានតម្លៃ ៣ពាន់រៀល ក្នុង១គីឡូក្រាម ខណៈគ្រំដែលស្ងោរបកសំបកយកតែសាច់ និងវេចខ្ចប់រួចរាល់ លក់បានក្នុងតម្លៃ៤ម៉ឺនរៀល ក្នុង១ គីឡូក្រាម ។

លោក វង្ស តារា បានរៀបរាប់ថា «ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទះរីករាលដាលមក ធ្វើឱ្យប្រទេសជិតខាងបិទព្រំដែន! ពេលនោះធ្វើឱ្យផលិត ផលសល់ច្រើន! ហេតុដូច្នេះហើយទើបធ្វើឱ្យខ្ញុំងាកមករកទីផ្សារក្នុងស្រុក ព្រោះខ្ញុំគិតថា ជាឱកាសសម្រាប់ការកែច្នៃ ព្រោះពេលដែលជំងឺកូវីដ១៩រីករាលដាល តម្រូវការនៃម្ហូបក្រៀមៗមានកំណើនកើនឡើង។

អ៊ីចឹង ខ្ញុំបាទក៏ងាកមកកែច្នៃ និងធ្វើការវេចខ្ចប់។ នៅក្នុងសិប្បកម្មរបស់លោក គឺមាន៤យ៉ាង ដែលទី១នោះ គឺការលក់គ្រំស្រស់ទាំងសំបកទាំងមូល, ទី២ ការស្ងោរបកយកសំបកមួយចំហៀងចេញរួចធ្វើការវេចខ្ចប់, ទី៣ ស្ងោរបកយកតែសាច់សុទ្ធនិងធ្វើការវេចខ្ចប់, និងទី៤ ច្នៃទៅជាបែបឆាក្រៀមហើយធ្វើការវេចខ្ចប់»។

លោកបានឱ្យដឹងបន្ថែមថា កន្លងមកការប្រមូលផលគ្រំចំពុះទានៅក្នុងសហគមន៍ពាម ក្រសោប គឺពឹងទាំងស្រុងទៅលើការលក់ទាំងដុល ដោយពុំមានការកែច្នៃទៅឱ្យឈ្មួញមកពីប្រទេសថៃ និងវៀតណាម។ បច្ចុប្បន្ន ដោយសារទីផ្សារក្នុងស្រុកមិនទាន់ទូលំ ទូលាយ ក៏នៅតែបន្តការលក់ទៅឱ្យទីផ្សារនៅក្នុងប្រទេសថៃ ចន្លោះពី៣០តោនទៅ៥០តោន ក្នុងមួយថ្ងៃ ទៅតាមការបញ្ជាទិញរបស់ឈ្មួញ ដោយក្នុង១តោន លក់បានតម្លៃតែ១លានរៀលប៉ុណ្ណោះ។

លោកបានបន្តថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែឧសភា បន្ទាប់ពីពួកវាធ្វើការការពងកូនក្នុងរយៈ ពេល៦ខែ ប៉ុន្តែគ្រំដែលធំល្អ គឺមានអាយុ១២ខែ នៃការចិញ្ចឹម។ ការចិញ្ចឹមគ្រំចំពុះទានេះ ជាមុខរបរបង្គោលរបស់សហគមន៍នេះ ដែលមានរយៈពេល២៧ឆ្នាំមកហើយ។ ការចិញ្ចឹម គឺមានលក្ខណៈធម្មជាតិសុទ្ធសាធដោយពុំមានប្រើចំណីនោះទេ ដោយគ្រាន់តែតាមរយៈបោះបង្គោលនៅក្នុងតំបន់នេសាទសមុទ្រ ដើម្បីឱ្យពួកវាបង្កកំណើតពងកូន និងចិញ្ចឹមជីវិត រហូតដល់វ័យត្រូវប្រមូលផលប៉ុណ្ណោះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាសហគមន៍នេះ រៀបចំចិញ្ចឹមឱ្យបានល្អ ព្រមទាំងមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមស្តង់ដារអនាម័យរបស់សណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលនឹងបញ្ជាទិញ សំដៅធ្វើយ៉ាងណាទទួលបានតម្លៃទីផ្សារខ្ពស់។

ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍នេះ កំពុងគាំទ្រដោយគម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយ និងបង្កើតទីផ្សារក្នុងស្រុក ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ បន្ទាប់ពីអាចប្រមូលផលក្រោយការចិញ្ចឹមតាមបែបធម្មជាតិ សម្រាប់ផ្គត់ផ្គង់លើទីផ្សារបានចន្លោះពី២ពាន់តោន ទៅ៣ពាន់តោន ក្នុងមួយរដូវ លើទំហំផ្ទៃទឹកប្រៃប្រហែល៦០ហិកតា។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះភាគច្រើន ប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ ហើយពួកគាត់ក៏ជាអ្នកចូលរួមថែរក្សា និងការពារព្រៃកោងកាង ដើម្បីជាទីជម្រក និងប្រភពចំណីរបស់ពពួកធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តម អំពាវនាវពលរដ្ឋចូលរួមការពារព្រៃកោងកាង និងដាំបន្ថែម ដើម្បីជាប្រយោជន៍នៃធនធានសមុទ្រដ៏សម្បូរបែប។

គ្រំចំពុះទានេះ ត្រូវបានចាត់ទុកថា មានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយគេអាចច្នៃធ្វើម្ហូបដូចជា៖ ស្លម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ, ស្ងោជ្រក់, ស្រុះ, និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប ជាដើម។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook