Connect with us

ព័ត៌មានទាន់ហេតុការណ៍

សង្គ្រាមសរសៃប្រសាទនៅសមុទ្រចិនខាងត្បូង តើអ្នកណាអស់ការអត់ធ្មត់មុន ???

សមុទ្រចិនខាងត្បូងជាចំណុចយុទ្ធសាស្ត្រមួយផ្នែកសន្តិសុខដែលស្ទើរតែគ្មានភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនទសវត្សមកហើយ  ថ្មីៗនេះ “កងទូកនេសាទ” បំពាក់ទង់ជាតិប្រទេសចិនបានចូលមកផ្តុំគ្នានៅបរិវេណជុំវិញតំបន់ថ្មប៉ប្រះទឹក វីតសាន់ (Whitsun) ក្បែរប្រជុំកោះស្ព្រែតលី ដែលជាប្រជុំកោះធំជាងគេបំផុតនៅសមុទ្រចិនខាងត្បូង។ កាលពីដើមខែមីនាកន្លងមកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់ហេតុផលទៅហ្វីលីពីនដែលជាប្រទេសនៅក្បែរជួរថ្មប៉ប្រះទឹកនេះបំផុតថា “កុំបារម្ភអី អាកាសធាតុល្អនៅពេលណា យើងនឹងចាកចេញពីទីនេះភ្លាម ” ប៉ុន្តែកន្លងផុតទៅកាន់តែយូរថ្ងៃ ទូកនេសាទរបស់ចិនបែរជាមកប្រមូលផ្តុំគ្នាកាន់តែច្រើនឡើង ៗ ពង្រីកវិជ្ជមាត្រទីតាំងនិងបង្កើនចំនួនទូកនេសាទដល់ទៅជាង ២០០គ្រឿង ។

ហ្វីលីពីនផ្តើមអង្គុយលែងសុខនិងអន្ទះអន្ទែងចំពោះ ភ្ញៀវដ៏ច្រើនដែលមិនបានអញ្ជើញ មន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃរដ្ឋាភិបាលទីក្រុងម៉ានីល បានទាមទារឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដកទូកនេសាទទាំងអស់ចេញ ខណៈដែលប្រទេសចិននៅតែអះអាងថា ទូកទាំងនេះមិនមានគោលបំណងមកនេសាទនោះទេ  ប៉ុន្តែបន្ទាប់ពីនោះមិនយូរ កងនាវាល្បាតរបស់ហ្វីលីពីនបានសង្កេតឃើញថា “មានសំណង់អាថ៌កំបាំង” នៅមិនឆ្ងាយពីតំបន់ដែលទូកនេសាទចិនប្រមូលផ្តុំនោះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងម៉ានិលនៅមិនទាន់ពង្រីកសេចក្តីថា សំណង់អាថ៌កំបាំងនោះគឺជាអ្វី មានចំនួនប៉ុន្មាន មានចំណុចទីតាំងច្បាស់លាស់នៅត្រង់ណា ហើយអ្វីដែលសំខាន់នោះគឺ  “អ្នកណាជាអ្នកសាងសង់ ??? ” ។

ពេល​វេលាកន្លង​ផុតទៅ មានសេចក្តីរាយការណ៍ថា ទូកនេសាទរបស់ចិនភាគច្រើនបានធ្វើដំណើរចាកចេញពីតំបន់ថ្មប៉ប្រះទឹក វីតសាន់ នោះហើយ ដោយបន្សល់ទុកទូកប្រមាណ ៤០ គ្រឿង។ រដ្ឋាភិបាលទីក្រុងប៉េកាំង “និយាយត្រឹមត្រូវ” ចំពោះបញ្ហាដែលថា ទូកទាំងនេះមិនមែនមកដើម្បីនេសាទនោះទេ ហើយក្នុងខណៈដែលថាបញ្ហាបណ្តាលមកអាកាសធាតុអាក្រក់នោះ តើពិតកម្រិតណាគ្មាននរណាដឹងឡើយ ក្រៅពីប្រទេសហ្វីលីពីននោះ។

ប៉ុន្តែការដែលទូកនេសាទចិនកេណ្ឌគ្នាចូលមកយ៉ាងច្រើនបែបនេះ ដោយគ្មានរបាយការណ៍ពីការនេសាទក្នុងបរិវេណនេះសូម្បីតែទូកមួយនោះ សបង្ហាញនូវជំនឿ យ៉ាងសាហាវដែលបន្តកើនឡើងឥតឈប់ឈររបស់អ្នកអង្គុយបញ្ជានៅឯវិមានជុនណានហៃ នោះគឺប្រធានាធិបតី ស៊ី ជីនពីង ដែលនៅតែអាចគ្រប់គ្រងហ្គេម និងអាចជាការធ្វើតេស្តទាំងទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នរបស់លោកប្រធានាធិបតី ចូ បៃដិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងពេលតែមួយ។

រដ្ឋាភិបាលលោក បៃដិន បានប្រកាសយ៉ាងច្បាស់លាស់ចាប់តាំងពីបានចូលកាន់តំណែងថា ទ្វីបអាស៊ីគឺជាគោលដៅដ៏សំខាន់ផ្នែកនយោបាយការបរទេស។ ខណៈថយត្រឡប់ទៅឆ្នាំ ២០១២ រដ្ឋាភិបាលហ្វីលីពីនបានរិះគន់មេដឹកនាំសហរដ្ឋអាមេរិកនៅពេលនោះគឺប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយពិតណាស់នៅពេលនោះលោក ចូ បៃដិន ជាអនុប្រធានាធិបតីថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនអាចបញ្ឈប់ការពង្រីកឥទ្ធិពលទាំងផ្នែកយោធា និងវិស្វកម្មរបស់ប្រទេសចិន នៅក្នុងតំបន់ជួរថ្មប៉ប្រះទឹក ស្កាបូរ៉ូ កាលពីឆ្នាំ ២០១២។

បើទោះបីសហរដ្ឋអាមេរិកអះអាងថា នៅជាអព្យាក្រឹតគ្រប់ជម្លោះទាំងអស់ដែលទាក់ទងនឹងសមុទ្រចិនខាងត្បូងក្តី ប៉ុន្តែការប្រកាសនេះគឺដូចជាការនាំខ្លួនឯងមកចូលក្នុងរឿងជម្លោះ ហើយធ្វើឱ្យសា្ថនភាពរីករាលដាលទៅជាបញ្ហាភូមិសាស្ត្រនយោបាយសកល ព្រោះថា គូជម្លោះមិនបានកំណត់ត្រឹមតែរដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍តទៅទៀតនោះទេ។

ពេលនេះលោក ស៊ី អាចនឹងកំពុងឃ្លាំមើលថា តើលោក បៃដិន នឹងមានឥរិយាបថយ៉ាងណាចំពោះស្ថានភាពនៅជួរថ្មប៉ប្រះទឹក វិតសាន់ ??? ហើយក៏ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីវាយតម្លៃពីរបៀបដំណើរការយ៉ាងដូចម្តេចនៅក្នុងរឿងនេះ  ប៉ុន្តែតាមដែលដឹងនោះគឺថា ពេញមួយឆ្នាំកន្លងមកនេះ កលយុទ្ធដែលសហរដ្ឋអាមេរិកប្រើប្រាស់យ៉ាងចំហនោះ គឺការអាស្រ័យ “គោលការណ៍សេរីភាពនៃការល្បាត” បញ្ជូនទាំងនាវាចម្បាំងនិងយន្តហោះចូលទៅក្នុងសមុទ្រចិនខាងត្បូង ហើយប្រតិកម្មតបតរបស់ចិនដែលបានឃើញច្បាស់រាល់លើកកន្លងមក ក៏ជារឿងមិនពិបាកទស្សទាយនោះគឺ ការបញ្ជូននាវានិងយន្តហោះផ្ទាល់របស់ខ្លួនមកដាក់សម្ពាធ និងការផ្ទុះសង្រ្គាមទឹកមាត់ជះភក់ដាក់គ្នា បន្ទាប់ពីនោះក៏ស្ងាត់ស្ងៀមមួយរយៈ រួចស្ថានការណ៍ក៏វិលត្រឡប់ទៅដូចដើមដដែលទៀត។

យ៉ាងណាក៏ដោយ បញ្ហាមួយដែលគួរជាលក្ខខណ្ឌសំខាន់នោះគឺ  “ការតបតជាក់ស្តែង” របស់សហរដ្ឋអាមេរិកចំពោះស្ថានការន៍នៅជួរថ្មប៉ប្រះទឹកវិតសាន់ ព្រោះរដ្ឋាភិបាលទីក្រុងប៉េកាំង “បើកហ្គេម” ដោយការប្រើទូកនេសាទដែលបើប្រៀបធៀបនឹងនាវាចម្បាំងនោះ សហរដ្ឋអាមេរិកក្លាយជាអ្នកញុះញង់ បង្កហេតុគំរាមកំហែងនិងប្រើអំពើហឹង្សាភ្លាមៗ ប្រសិនបើកងទ័ពបញ្ជូននាវាតែមួយគ្រឿងចូលមកកាន់តំបន់ទៅថ្មប៉ប្រះទឹក   វិតសាន់។

កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួនលើប្រទេសហ្វីលីពីន ក្នុងការដោះស្រាយស្ថានភាពនៅជួរថ្មប៉ប្រះទឹកនេះ ដោយប្រកាន់ខ្ជាប់តាមសន្ធិសញ្ញាសន្តិសុខដែលមានរួមគ្នា ទើបអាចមានលទ្ធភាពថា ចិនអាច “មានចេតនា” បន្សល់ទុកនូវទូកនេសាទមួយចំនួន ដើម្បីដើរហ្គេមនិងរង់ចាំមើលថា តើរដ្ឋាភិបាលលោក បៃដិន នឹងធ្វើដូចម្តេច ???

ព្រោះធ្លាប់មានករណីសិក្សាមួយកាលពី ៩ ឆ្នាំមុន នៅពេលនោះប្រទេសចិនបានបញ្ជូនទូកនេសាទចូលមកត្រឹមតែ ៨ គ្រឿង បើទោះបីរឿងនេះបានរាលដាលឡើងដល់តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេប្រទេសហូឡង់ជាអ្នកសម្រេចសេចក្តី ហើយលទ្ធផលចេញមកនៅឆ្នាំ ២០១៦ គុណមានទៅលើប្រទេសហ្វីលីពីនច្រើនជាង “ប៉ុន្តែក៏គ្មានន័យអ្វី ” ជាមួយប្រទេសចិនឡើយ …៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook