អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា អាកាសធាតុកាចសាហាវនិងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុនិងទឹក បានបណ្តាលឲ្យមានគ្រោះមហន្តរាយចំនួន ១១៧៧៨លើក នៅពាក់កណ្តាល
សតវត្សរ៍ចុងក្រោយនេះ ដែលបានសម្លាប់មនុស្សប្រមាន២លាននាក់។
ក្នុងនោះ ជាង៩០ភាគរយនៃការស្លាប់ ត្រូវបានរាយការណ៍ កើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយការខូចខាតសេដ្ឋកិច្ចពីទឹកជំនន់ ព្យុះ និងភ្លើងឆេះព្រៃ បានកើនឡើងខ្លាំង ចាប់តាំងពី
ឆ្នាំ១៩៧០មក ដែលខាតបង់សរុបជាទឹកប្រាក់ចំនួន៤.៣ពាន់ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីនោះមក ចំនួនអ្នកស្លាប់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែល WMO និយាយថា ដោយសារតែការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ត្រឹមតែសហរដ្ឋអាមេរិក គឺមានការខាតបង់ទឹកប្រាក់រហូតដល់ ១.៧ទ្រីលានដុល្លារ ពោលគឺស្មើនឹង ៣៩% នៃការខាតបង់សេដ្ឋកិច្ចចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ២០២១។
ចំណែក បង់ក្លាដែស គឺជាប្រទេសមានអ្នកស្លាប់ដោយសារអាកាសធាតុច្រើនជាងគេបំផុតនៅអាស៊ី ដោយមាន ៥២០ ៧៥៨នាក់ បណ្តាលមកពីគ្រោះមហន្តរាយចំនួន២៨១លើក។
ដោយឡែក នៅអឺរ៉ុប មនុស្សចំនួន១៦៦៤៩២នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយចំនួន ១៧៨៤ដែលស្មើនឹង ៨%នៃការស្លាប់ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោក។
សូមបញ្ជាក់ថា សីតុណ្ហភាពក្តៅខ្លាំងគឺជាមូលហេតុចម្បងនៃការស្លាប់ ហើយទឹកជំនន់ គឺជាមូលហេតុចម្បងនៃការខាតបង់សេដ្ឋកិច្ច៕


