អន្តរជាតិ៖ ទិន្នន័យបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ដែលជាការកត់សម្គាល់ជាខែទីប្រាំពីរជាប់គ្នានៃការធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៧,៦ ភាគរយកាលពីខែមុនបើធៀបនឹងឆ្នាំមុនមកនៅត្រឹម ២១,៧២ ពាន់លានដុល្លារអាមេរិក។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារនាំចេញចម្បងមួយរបស់ប្រទេសថៃ បានកើនឡើង ២៣ ភាគរយបើធៀបនឹងឆ្នាំមុន ហើយក្នុងខែមីនាបានធ្លាក់ចុះ ៣,៩ ភាគរយ។ ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេសនេះបានធ្លាក់ចុះ ១១,២ ភាគរយបើធៀបនឹងឆ្នាំមុននៅក្នុងខែមេសា ខណៈដែលការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មកើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យក៏បានបង្ហាញពីការនាំចូលរបស់ប្រទេសថៃបានធ្លាក់ចុះ ៧,៣ ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ២៣,១៩ ពាន់លានដុល្លារក្នុងខែមេសា។ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាសម្រាប់រយៈពេល ៤ ខែដំបូងនៃឆ្នាំនេះការនាំចេញរបស់ប្រទេសនេះបានធ្លាក់ចុះ ៥,២ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលបានធ្លាក់ចុះ ២,២ ភាគរយ។ ក្រសួងពាណិជ្ជកម្មបាន រក្សា ទិសដៅ កំណើន នាំ ចេញ ពី ១ ភាគរយ ទៅ ២ ភាគរយ នៅ ឆ្នាំ នេះ ៕