Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ សីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសូមចូលរួមអនុមោទនាត្រេកអរចំពោះព្រះវិហារថ្មី និងសមិទ្ធផលជាច្រើនក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លងនាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយរបស់ព្រះចៅអធិការ,ព្រះតេជគុណព្រះសង្ឃ,គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ។

ក្នុងពេលដំណាលគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏កំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបដំបូង ដែលឆ្លងកាត់ទន្លេសាបនៅរាជធានីភ្នំពេញ ហើយថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ក៏កំពុងសម្ពោធសមិទ្ធផលផ្សេង ៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យចរន្តសេដ្ឋកិច្ចជាតិ និងការបង្កលក្ខណៈគ្រប់បែបយ៉ាងដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពផ្នែកជំនឿសាសនាផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយ លោក តាទាំងអស់ ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។ ឈរលើមូលដ្ឋាននេះ សូមចង ចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត ។

ឯកឧត្តមបន្ដថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១៖ ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២៖ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣៖ ការបន្តថែរក្សានូវសាមគ្គីឯក ភាពល្អជានិច្ច សម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុ វត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook