Connect with us

ព័ត៌មានទាន់ហេតុការណ៍

ហ្វាំងឡង់ដ៍ អង្គការណាតូ ធ្វើសមយុទ្ធយោធាជាប់ព្រំដែនរុស្ស៊ី

 

សង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឲ្យរដ្ឋាភិបាលហែលស៊ីនគី និង ស៊ុយអែត បោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន  ធ្លាប់តែប្រកាន់ខ្ជាប់ អស់រយៈជាច្រើនទសវត្សរ៍កន្លងមក ងាកទៅចង់រួមរស់ជាមួយនឹងអង្គការណាតូ ខណៈឥឡូវនេះ ហ្វាំងឡង់ដ៍ (Finland) បានក្លាយជាសមាជិកទី៣១ នៃអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ ហើយថែមទាំងបានធ្វើជាម្ចាស់ផ្ទះ រៀបចំធ្វើសមយុទ្ធយោធា ក្រោមការធានាដល់សន្ដិសុខ ទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣១ ខែឧសភា ថា អង្គការណាតូ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅតំបន់អាក់ទិក ជាមួយនឹងការសន្យាការពារដល់ប្រទេសហ្វាំងឡង់ដ៍ ជាសមាជិកថ្មីរបស់ខ្លួន។ នេះជាលើកទី១ ខណៈក្រុងហែលស៊ីនគី បានធ្វើជាម្ចាស់ផ្ទះ រៀបចំធ្វើសមយុទ្ធយោធារបស់អង្គការណាតូ ក្រោយពេលបានក្លាយជាសមាជិកទី៣១ នៃអង្គការយោធាមួយនេះ កាលពីខែមេសា ឆ្នាំ២០២៣មក។

កងកម្លាំងរបស់អង្គការណាតូ ជិត ១០ ០០០នាក់ មកពីប្រទេសចំនួន១៤ រួមមាន ន័រវ៉ែស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក… ជាដើម ហើយស៊ុយអែត ដែលមិនទាន់បានក្លាយជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ ក៏បានចូលរួមជាមួយនឹងកងទ័ពហ្វាំងឡង់ដ៍ ចំនួន៦៥០០នាក់ និង រថចម្បាំង ប្រហែល ១ ០០០គ្រឿង ធ្វើសមយុទ្ធយោធានេះ នៅក្នុងរង្វង់តំបន់អាក់ទិក ផងដែរ។

បញ្ជាការដ្ឋានកងទ័ពអាកាសរបស់អង្គការណាតូ  បានបញ្ជាក់ ថា ការធ្វើសមយុទ្ធ Artic Challenge 2023 (អាក់ទិក ឆាលឡែង ២០២៣)  មានយន្ដហោះចម្បាំង ចំនួន១៥០គ្រឿង មកពីប្រទេសចំនួន១៤ ចូលរួម ដោយបានចាប់ផ្ដើម តាំងពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា នៅក្នុងមូលដ្ឋានកងទ័ពនានា ដោយឆ្លងកាត់ប្រទេសស៊ុយអែត ហ្វាំងឡង់ដ៍ និង ន័រវ៉ែស។

លោកឧត្តមសេនីយ៍ទោ ហ្រ្គេហ្គោរី អាន់ដឺសុន (Gregory Anderson) មេបញ្ជាការកងពលធំ ទី១០របស់សហរដ្ឋអាមេរិក បានអះអាង ថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពារប្រទេសហ្វាំងឡង់ដ៍ ជាសមាជិកថ្មីរបស់អង្គការណាតូ។ សមយុទ្ធនេះ  បានធ្វើឡើង នៅឯទីលានហ្វឹកហាត់កាំភ្លើងធំដ៏ធំបំផុតមួយរបស់អឺរ៉ុប ស្ថិតនៅតំបន់រ៉ូវ៉ាចាវី (Rovajarvi) នាភាគខាងជើងរបស់ប្រទេសហ្វាំងឡង់ដ៍។

ការចូលរួមរបស់ហ្វាំងឡង់ដ៍ ក្លាយជាសមាជិករបស់អង្គការណាតូ កំពុងតែធ្វើឲ្យអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ រំកិលព្រំដែនរបស់ខ្លួន មកជាប់នឹងរបងជាមួយប្រទេសរុស្ស៊ី ខណៈប្រទេសទាំង២នេះ មានព្រំដែនរួមគ្នា ប្រវែង ១៣៤០គីឡូម៉ែត្រ។ សកម្មភាពបែបនេះ  កាន់តែធ្វើឲ្យមានភាពតានតឹងខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងមូស្គូ និង លោកខាងលិច បន្ថែមពីលើភាពតានតឹង ដែលមានស្រាប់ ជុំវិញការឈ្លានពានរបស់រុស្ស៉ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook