Connect with us

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្រ្តីថៃ នឹងមិនចូលរួមកិច្ចប្រជុំអាស៊ានស្ដីពីមីយ៉ាន់ម៉ានៅឥណ្ឌូណេស៊ីឡើយ

ប្រទេសថៃ៖ ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលត្រូវប្រារព្ធឡើងនៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី នាពេលខាងមុខឡើយ។ រដ្ឋមន្ត្រីការបរទេស ដុន ប្រាមុដវីណៃ នឹងមានវត្តមានជំនួសវិញ។

បើសិនគ្មានការប្រែប្រួលទេ អាស៊ាននឹងបើកកិច្ចប្រជុំមេដឹកនាំមួយនៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី២៤ ខែមេសាខាងមុខ ដើម្បីជជែកពីស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា។ លោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រមុខរបបយោធាមីយ៉ាន់ម៉ា ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំពិសេសមួយនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសថៃ។

យ៉ាងណាមិញ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែមេសា លោក ប្រាយុទ្ធ បញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ដុន ប្រាមុដវីណៃ នឹងទៅចូលរួមក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងហ្សាការតាជំនួសលោក។ បើតាមប្រមុខរដ្ឋាភិបាលថៃ សមាជិកអាស៊ានមួយចំនួន ក៏បញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំមួយនេះដែរ។

មុនកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្នើឱ្យអាស៊ានប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ លោកសរសេរលើ Twitter នៅថ្ងៃទី២០ ខែមេសា ដូច្នេះថា៖ «ខ្ញុំជំរុញអង្គការតំបន់បង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីបង្ការស្ថានការណ៍អាក្រក់ និងរកដំណោះស្រាយដោយសន្តិភាព»។ ជាមួយគ្នានេះ លោក ហ្គូតេរ៉េស ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ក្នុងអំពើហិង្សានៅមីយ៉ាន់ម៉ាផងដែរ។

កន្លងមក រដ្ឋាភិបាលបង្រួបបង្រួមមីយ៉ាន់ម៉ា (NUG) ក៏បានស្នើឱ្យទៅអាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាការតាដែរ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពីភាគីអាស៊ានឡើយ។ បើតាមរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដើម្បីស្វែងរកច្រកចេញនៃបញ្ហានយោបាយនៅមីយ៉ាន់ម៉ា អាស៊ានត្រូវតែដោះស្រាយជាមួយរដ្ឋាភិបាលបង្រួបបង្រួមមីយ៉ាន់ម៉ា ព្រោះរដ្ឋាភិបាលមួយនេះ មានការគាំទ្រពីប្រជាជន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook