ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន(APSF)ថ្លែងថា ការរៀបចំព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នឹងផ្តល់ឱកាសដល់សង្គមជនពិការក្នុងការលះបង់ភាពអន់ថយ ការបាក់ទឹកចិត្ត ដោយខិតខំធ្វើការដើម្បីពង្រឹងកម្ពស់ឱ្យកាន់តែខ្ពស់ក្នុងវិស័យកីឡានិងជីវិតឱ្យកាន់តែល្អប្រសើរ ។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកឧត្តមសេនីយ៍ ឪសថ បាលប៊ីឡៃ ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន(APSF)បានថ្លែងថា ព្រឹតិ្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ពិតជាមានភាពរំភើបនិងអស្ចារ្យណាស់ នេះជាប្រវត្តិសាស្ត្រចាប់ផ្តើមនៅពហុកីឡដ្ឋានជាតិមរតកតេជោដ៏អស្ចារ្យ និងជាការចាប់ផ្តើមជាផ្លូវការ នៃព្រឹតិ្តការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដែលជាការប្រកួតកីឡាជនពិការក្នុងតំបន់ ជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោកឧត្តមសេនីយ៍បានបន្ថែមថា នេះជាឱកាសមួយគួរឱ្យចងចាំ ដែលមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជាតិអាស៊ាននិងសហគមន៍ជនពិការ។

លោកឧត្តមសេនីយ៍បន្តថា ក៏ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញឱ្យកម្ពុជាធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ក្នុងចក្ខុវិស័យវែងឆ្ងាយនិងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ក្នុងការលើកកម្ពស់បុព្វហេតុ សហគមន៍ពិការ និងសន្តិភាព ស្ថិរភាព តាមរយៈកីឡា។
លោកឧត្តមសេនីយ៍បន្ថែមទៀតថា ស្របតាមប្រធានបទ កីឡារស់ក្នុងសន្តិភាព និងទន្ទឹងរង់ចាំ ការបន្តសន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតំបន់ ដើម្បីជួយជំរុញការប្រកួតកីឡាប៉ារ៉ាឡាំពិកឱ្យកាន់តែខ្ពស់ថែមទៀត។
លោកឧត្តមសេនីយ៍បញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម ពិតជាពិសេសនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា តាមវិធីជាច្រើន ហើយវាមិនត្រឹមតែលើកកម្ពស់ស្មារតីនៃការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុត គឺដាក់មិត្តភាព ការដាក់បញ្ចូលសមភាព និងការគោរពខ្ពស់ជាងសសរទ្រូង ហើយអាស៊ានប៉ារ៉ាហ្គេមផ្តល់ឱកាសដល់សង្គមជនពិការក្នុងការលះបង់ភាពអន់ថយ ការបាក់ទឹកចិត្ត ហើយខិតខំធ្វើការដើម្បីពង្រឹងកម្ពស់ឱ្យកាន់តែខ្ពស់ក្នុងវិស័យកីឡានិងជីវិត ។

« សូមបន្តបានជោគជ័យនូវកីឡា និងជំរុញកីឡាឱ្យមានបទដ្ឋាន និងការទទួលស្គាល់កាន់តែច្រើន ក្នុងនាមសហព័ន្ធកីឡាជនពិការអាស៊ាន និងសហគមន៍ជនពិការអាស៊ាន យើងពិតជាមាន មោទនភាព ក្រៃលែង ដែលបានចូលរួមកីឡានេះ។ក្នុងរយៈពេល៧ថ្ងៃខាងមុខនេះ យើងនឹងឃើញអត្តពលិក ជាង១៤៥០នាក់ ប្រកួតយកមេដាយក្នុង១៣កីឡា និង៤៣៤វិញ្ញាសា។
យើងសង្ឃឹមថាសន្តិភាព និងតម្លៃដ៏ថ្លៃថ្លានៃការប្រកួតកីឡាជនពិការអាស៊ាន នឹងត្រូវបានគាំទ្រដោយ ភាតរភាព និងមិត្តភាពកីឡាអាស៊ាន។ សូមគាំទ្រអត្តពលកម្ម និងលើកទឹកចិត្តពួកគាត់ ដូចដែលពួកគាត់បានជួយយើងដែរ អាស៊ានមានមុខមាត់នៅពេលនេះដោយសារតំបន់មានអ្នកមានសមត្ថភាព និងអ្នកឈ្នះលំដាប់ពិភពលោក។

អាស៊ានមានមោទនភាពដោយមានអត្តពលិកពិការលំដាប់ពិភពលោក ក្នុងអត្តពលកម្មកីឡាហែលទឹក កីឡាបាញ់ធ្នូ កីឡាលើកដុំដែក កីឡាប៊ូល និងកីឡាផ្សេងៗទៀត ដូច្នេះយើងបង្កើនស្នាដៃនេះ ហើយធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាមួយនឹងសមត្ថភាព គ្មានអ្វី អាចរារាំងអ្នកមិនឱ្យទៅមុខបានឡើយ ។»
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះ អ្នកស្ម័គ្រចិត្តទាំងអស់ ដែល ជាផ្នែកដ៏សំខាន់នៃកីឡាចំណង់ចំណូលចិត្ត ការលះបង់និងការខិតខំរបស់អ្នកស្ម័គ្រចិត្ត គឺជាការបង្ហាញ និងការគាំទ្រដ៏ខ្លាំងចំពោះកីឡាជនពិការ និងបានអំពាវនាវដល់សាធារណជនដែលនិយមទស្សនាការប្រកួតកីឡាជនពិការ ចូលរួមគាំទ្រលើកទឹកចិត្តដល់អត្តពលិក អត្តពលកម្មឱ្យបានច្រើន ដើម្បីផ្តល់កម្លាំងដល់ពួកគាត់ ឱ្យទទួលបានជោគជ័យ៕