Connect with us

ព័ត៌មានកីឡា

ការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតែបន្តអនុវត្តយ៉ាងហ្មត់ចត់ ដើម្បីឱ្យព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ប្រព្រឹត្តិទៅដោយរលូននិងជោគជ័យដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេម

អនុប្រធានគណៈបញ្ជាការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ គោលដៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្លែងថា ការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតែបន្តអនុវត្តយ៉ាងហ្មត់ចត់ ដើម្បីឱ្យព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់និងរបៀបរៀបរយល្អ ជាពិសេសបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញកាន់តែច្បាស់ពីសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងរកមកយ៉ាងលំបាក ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងជាអនុប្រធានគណៈបញ្ជាការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ គោលដៅពហុកីឡដ្ឋានជាតិមរតកតេជោ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កងកម្លាំងដែលមានអង្គភាពចម្រុះ បានអនុវត្តនូវតួនាទីភារៈកិច្ចរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការការពារសន្តិសុខ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូល ក្នុងកិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលចូលរួមទស្សនាការប្រកួតកីឡា ក៏ដូចជាទស្សនាពិធីបើកបិទនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា បន្ទាប់ពីទទួលបានបទពិសោធន៍យ៉ាងច្រើនពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗកន្លងទៅនេះ កងកម្លាំងបានបន្តអនុវត្តគោលការណ៍និងដាក់ចេញផែនការថ្មីៗបន្ថែមមួយចំនួន ធ្វើយ៉ាងណាការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ និងទទួលបានជោគជ័យ ។

« ជាគោលការណ៍ កងកម្លាំងបានអនុវត្តការងារដែលបានដាក់ចុះ កាលពីអនុវត្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទន្ទឹមនឹងនោះដែរ យើងមានបទពិសោធខ្លះនៅពេលដែលបើកនិងបិទកីឡាស៊ីហ្គេម ដូច្នេះទិសដៅនៅក្នុងកិច្ចការងារការពារសុវត្ថិភាពសន្តិសុខ ជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំក្នុងពេលពិធីបើក បិទនេះ គឺយើងនឹងអនុវត្តឱ្យទទួលបានជោគជ័យ១០០ភាគរយ បន្ថែមលើកិច្ចការដែលធ្លាប់មានបទពិសោធន៍រួចហើយ ក្នុងកិច្ចការពារកាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក» ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានបន្ថែមទៀតថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចូលមកទស្សនាការប្រកួតកីឡា បានចូលរួមយ៉ាងផុសផុលជាមួយកម្លាំងសមត្ថកិច្ច ទាក់ទងនឹងការការពារសណ្ដាប់ធ្នាប់ ការចតចំណតរថយន្ត ការដើរកម្សាន្តនៅក្នុងទីលានប្រកួត ដោយបានគោរពតាមគោលការណ៍ណែនាំរបស់កម្លាំងសមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលកន្លងទៅ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យទៅតាមការរំពឹងទុក ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា១៤ប្រភេទ ត្រូវដាក់ឱ្យប្រកួតលើវិញ្ញាសាជាង ៤០០វិញ្ញាសា រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook