ភ្នំពេញ ៖ លោក យឹម វណ្ណា គ្រូបង្វឹកក្រុមកីឡាករបាល់ទះអង្គុយជនពិការបុរសកម្ពុជា បានប្តេជ្ញាដណ្តើមដាយមាសឱ្យបានជូនជាតិមាតុភូមិ ខណៈកម្ពុជាសល់២ប្រកួត ដោយត្រូវជួបជាមួយប្រទេសឥណ្ឌូនេស៊ីនិងថៃ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក យឹម វណ្ណា គ្រូបង្វឹកក្រុមកីឡាករបាល់ទះអង្គុយជនពិការបុរសកម្ពុជា បានឱ្យបានដឹងថា ក្រុមកីឡាករបាល់ទះអង្គុយជនពិការបុរសកម្ពុជានឹងត្រូវ ប្រកួតជាមួយក្រុមបាល់ទះអង្គុយជនពិការប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី០៧ ខែមិថុនា ដើម្បីឈានទៅប្រកួតជាមួយក្រុមបាល់ទះអង្គុយជនពិការប្រទេសថៃ នៅវគ្គផ្តាច់ព្រ័ត្រ។
គ្រូបង្វឹកកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាគ្រូបង្វឹកតែងតែរកនូវបច្ចេកទេសនិងវិធីសាស្ត្រ ដើម្បីធ្វើការផ្លាស់ប្តូរប្រព័ន្ធលេង កុំដៃគូប្រកួតចាប់បាននូវចំណុចខ្សោយ។

លោក បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី៧ ខែមិថុនានឹងត្រូវជួបប្រកួតជាក្រុមបាល់ទះអង្គុយជនពិការប្រទេសឥណ្ឌូនេស៊ី ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះជាពេលវេលាមួយដែលត្រូវប្រុងប្រយ័ត្នជាទីបំផុត ដោយមិនអាចមើលងាយគ្រូប្រកួតនោះទេ ទោះបីជាថ្ងៃនេះកម្ពុជាទទួលបានជ័យជំនះលើក្រុមឥណ្ឌូនេស៊ីក្តី។
សំឡេង « ខ្ញុំគិតថា ការជួបប្រកួតជាមួយកីឡាករថៃនៅថ្ងៃទី០៨ ខ្ញុំសង្ឃឹមថា មានការគាំទ្រពីសំណាក់បងប្អូនពុកម៉ែច្រើនកុះករនៅថ្ងៃផ្តាច់ព្រ័ត្រនេះ ហើយខ្ញុំសង្ឃឹមថា កីឡាករយើងនិងខិតខំប្រឹងប្រែងនូវសមត្ថភាពចុងក្រោយ។ ក្នុងនាមខ្ញុំជាគ្រូខ្ញុំសង្ឃឹមថា ៧០ភាគរយ ឬ៨០ភាគរយ ដែលកម្ពុជានឹងទទួលបានមេដាយមាស »។
គួរជម្រាបថា ក្រុមកីឡាបាល់ទះជនពិការកម្ពុជាត្រូវបានចាត់ទុកជាក្រុមដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក តែងតែធ្វើបានល្អក្នុងការប្រកួតលើឆាកអន្តរជាតិទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
សូមបញ្ជាក់ថា ក្រុមកីឡាករបាល់ទះអង្គុយជនពិការបុរសកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល ៣-0 ក្នុងវគ្គសន្សំពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២នៅរសៀលថ្ងៃទី អាទិត្យទី០៤ ខែមិថុនា។
សិតទី១ ក្រុមកម្ពុជាបានយកឈ្នះដោយពិន្ទុ ២៥-១៥, សិតទី២ ឈ្នះដោយពិន្ទុ ២៥-១៣ និងសិតទី៣ ក្រុមកម្ពុជាបានយកឈ្នះ ដោយពិន្ទុ ២៥-១៦។
ក្នុងវិញ្ញាសាកីឡាបាល់ទះអង្គុយផ្នែកបុរស ក្នុងវគ្គជម្រុះដំបូងនេះគឺកម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣សិតទល់០ ហើយត្រូវបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៧ ខែមិថុនាស្អែកនេះ៕