ក្រុមគ្រូពេទ្យប្រចាំការនៅតាមទីតាំងប្រកួតកីឡា បានត្រៀមខ្លួនជាប់ជាប្រចាំ សម្រាប់ជួយសង្គ្រោះអត្តពលិក និងទស្សនិកជនឱ្យបានទាន់ពេលវេលា បើទោះបីការប្រកួតកីឡានៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងប៉ុន្មានថ្ងៃមកនេះ ពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ។
លោក ឯ កុលបុត្រ ជាគ្រូពេទ្យប្រចាំការនៅទីតាំងប្រកួតកីឡាបាល់ទះអង្គុយជនពិការ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានលើកឡើងថា ចំពោះការសង្គ្រោះនៅក្នុងទីតាំងប្រកួតនេះ គឺមានគ្រូពេទ្យចំនួន៦នាក់ ដោយផ្តោតលើការសង្គ្រោះបឋម ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក គណៈកម្មការ ឬទស្សនិជន ដែលជួបបញ្ហាសុខភាពណាមួយ ក្នុងអំឡុងពេលប្រកួតឬក្រោយពេលប្រកួត ។ក្នុងនោះសម្រាប់កីឡាករ មានបញ្ហាសុខភាពធ្ងន់ធ្ងរ គឺបន្ទាប់ពីសង្គ្រោះបឋមរួចរាល់ហើយនោះ ក្រុមគ្រូពេទ្យនឹងបញ្ជូនគាត់តាមរយៈរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យជាដៃគូ ដើម្បីឱ្យក្រុមគ្រូពេទ្យឯកទេសធ្វើការសង្គ្រោះបន្ថែម ទៀត ។
លោកបានបន្តថា ចាប់តាំងពីថ្ងៃប្រកួតរហូតមកដល់ពេលនេះ គឺមិនទាន់មានកីឡាករ កីឡាការិនី ឬទស្សនិកជន មានបញ្ហាសុខភាពណាមួយកើតឡើងនោះឡើយ តែទោះជាយ៉ាងនេះក្តី ក៏ក្រុមគ្រូពេទ្យនៅតែត្រៀមខ្លួនជានិច្ចក្នុងការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ។
សំឡេង « នៅក្នុងទីនេះគឺមានការត្រៀមសម្ភារៈ គ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះ ដោយមានប្រង់ការសម្រាប់លើកអ្នកជំងឺ មានអុកស៊ីហ្សែន គ្រែ ដើម្បីឱ្យគាត់សម្រាកជួយសង្គ្រោះបឋម និងមានម៉ាស៊ីនបច្ចេកទេសផ្សេងៗសម្រាប់ជួយសង្គ្រោះ » ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា១៤ប្រភេទ ត្រូវដាក់ឱ្យប្រកួតលើវិញ្ញាសាជាង ៤០០វិញ្ញាសា រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ៕