បន្ទាប់ពីបានបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣មក ក្នុងនាមជាម្ចាស់ផ្ទះ ព្រះរាជាណាចក្រកម្ពុជាបានបន្តកាតព្វកិច្ចទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាមួយទៀត គឺព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ ហើយសម្រាប់ការរៀបចំទៀតសោត ក៏មិនខុសគ្នាប៉ុន្មានដែរ គឺកន្លែងស្នាក់នៅ ហូបចុកនិងការចូលទស្សនាការប្រកួតនានា ប្រព័ន្ធផ្សព្វផ្សាយជាដើម គឺមិនគិតថ្លៃនោះទេ និងមាន១១ប្រទេសចូលរួមប្រកួតដូចស៊ីហ្គេមដែរ។

បើទោះបីជាចំនួន ប្រតិភូ កីឡាករ កីឡាការិនីពិការមិនច្រើនដូចស៊ីហ្គេមក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍នេះ នៅតែមានភាពអស្ចារ្យ ដោយសារអត្តពលិកពិការបានខិតខំប្រឹងប្រែងហ្វឹកហាត់ យកអស់កម្លាំងកាយចិត្តដើម្បីធ្វើឱ្យការប្រកួតកីឡាជនមានពិការភាពកាន់តែមហាអស្ចារ្យបន្ថែមទៀត។
ដើម្បីជ្រាបច្បាស់ពីរឿងនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖
អ្នកស្ម័គ្រចិត្តនៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមភាគច្រើនសុទ្ធតែបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក ហើយក៏ទទួលបានការបណ្ដុះបណ្ដាលបន្ថែមទៀត ទាក់ទងទៅនឹងបច្ចេកទេសក្នុងការសម្របសម្រួល និងជួយដល់អត្តពលិកជាជនពិការ។

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គេលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានមានប្រសាសន៍ថា៖ ទាំង ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការចាត់ចែងដឹកនាំផ្សេងៗ គឺប្រើប្រាស់យន្តការតែមួយ ដោយបន្សល់ទុកពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គ្រាន់តែមានការផ្លាស់ប្ដូរនូវកន្លែងខ្លះ ដូចជា កន្លែងស្នាក់នៅ ហូបចុក ច្រកចូល គឺត្រូវបានរៀបចំឱ្យស្របទៅតាមតម្រូវការរបស់អត្តពលិកជនពិការ។

«យើងថែមផ្លូវជម្រាល កាលពីស៊ីហ្គេមគាត់ដើររួច ងាយស្រួលឡើងចុះ ដល់ពេល ប៉ារ៉ាហ្គេមយើងត្រូវរៀបចំឱ្យមានផ្លូវជម្រាល រៀបចំឱ្យមានធ្នាក់ដៃ កន្លែងជនពិការយើងចេញ ចូលងាយស្រួល។ ដូចជាភូមិកីឡា យើងត្រូវមើលតាំងពីបន្ទប់ទឹកឡើង ទ្វារតូចដោះចេញ យើង ដាក់ទ្វារធំឡើងវិញ កន្លែងទទួលទានអាហារក៏ចឹង កាលស៊ីហ្គេមយើងដាក់កៅអីជាប់គ្នា ដល់ពេល ប៉ារ៉ាហ្គេម យើងត្រូវរៀបចំឡើង ដោយមានលក្ខណៈខុសប្លែកពីគ្នាបន្តិច»។

បន្ទាប់ពីមើលឃើញពីការរៀបចំរបស់ប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរហើយនោះ ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន(APSF)បានកោតសរសើរដោយនិយាយថា៖ បណ្តាប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំប៉ារ៉ាហ្គេមទៅថ្ងៃខាងមុខ គួរតែមានការរៀបចំមជ្ឈមណ្ឌលព័ត៌មានដូចកម្ពុជា ដែលអាចឱ្យអ្នកសារព័ត៌មាន ចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកនៅកន្លែងតែមួយដែលជាគំរូដ៏ល្អ។

លោកឧត្តមសេនីយ៍ទោ អូសុត បាវីឡៃ ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន(APSF)បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា៖ ការរៀបចំរបស់កម្ពុជាក្នុងព្រឹត្តិកាណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺមានភាពល្អប្រសើរគ្រប់ទីកន្លែងប្រកួត។ លោកឧត្តមសេនីយ៍ទោចាត់ទុកថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលរបស់កម្ពុជានាពេលនេះ ជាបទពិសោធន៍សម្រាប់ប្រទេស ដែលទទួលធ្វើជាម្ចាស់ផ្ទះទៅថ្ងៃខាងមុខ គួរតែមានការរៀបចំផ្ទាំងស្លាយ ឬទូរទស្សន៍បែបនេះឱ្យបានច្រើន ព្រោះថាអ្នកសារព័ត៌មានច្រើនមកពី១១ប្រទេស អាចទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការផ្សាយទៅកាន់ប្រទេសរបស់ខ្លួន ។

<<បើនិយាយពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ បើនិយាយអំពីកីឡដ្ឋាននិងទីតាំងប្រកួតផ្សេងៗ ខ្ញុំគិតថា តាំងតែរៀបចំព្រឹត្តិការណ៍នេះកន្លងមក មានតែនៅកម្ពុជាទេដែលល្អជាងគេ គឺកីឡដ្ឋានថ្មីហើយធំអាចទទួលមហាជនដល់ទៅ៦-៧ម៉ឺននាក់ ដែលធំជាងគេនៅក្នុងតំបន់អាស៊ានយើង។ ចំពោះ មជ្ឈមណ្ឌលផ្ដល់ព័ត៌មានវិញ និយាយរួមគឺល្អគ្រប់យ៉ាង ជាពិសេសអ្នកសារព័ត៌មានអន្តរជាតិដែលមកពីស្ថាប័នផ្សេងគ្នា អាចទំនាក់ទំនងគ្នាទាំងគំនិត ចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក នៅកន្លែងតែមួយ។ខ្ញុំធ្លាប់មានបទពិសោធន៍ជាច្រើនកន្លែងមកហើយ អ្នកព័ត៌មានមិនអាចទៅថតរូប ឬយកព័ត៌មាន បាននៅកន្លែងប្រកួត តាមទីតាំងផ្សេងៗនោះទេ ប៉ុន្តែនៅទីនេះមជ្ឈមណ្ឌលផ្ដល់ព័ត៌មានបានរៀបចំជា ផ្ទាំងទូរទស្សន៍ ស្លាយ បញ្ចាំង ប្រភេទកីឡាបានច្រើន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានអន្តរជាតិ ទទួលបានព័ត៌មានច្រើនគ្រប់ជ្រុងជ្រោយពីទីនេះ ប្រសិនឱ្យពួកគាត់ដើរទៅយកពត៌មាននៅតាមទីតាំងប្រកួតនីមួយៗដោយខ្លួនឯង គឺគាត់ មិនអាចយកព័ត៌មានគ្រប់ទីតាំងប្រកួតនោះទេ>>។

ស្របជាមួយគ្នានេះ លោក ស៊ូក ថាវីសុន(Souk Thavisone)ជាជំនួយការគ្រូបង្វឹក នៃក្រុមកីឡាជម្រើសជាតិឡាវ ផ្នែកបាល់បោះនារីលើរទេះបានរៀបរាប់ឱ្យដឹងដែរថា៖ ទោះបីនេះជាលើកទី១នៃការរៀបចំធ្វើជាម្ចាស់របស់ប្រទេសកម្ពុជាក៏ដោយ តែការរៀបចំល្អអាចទទួលយកបាន ដែលមិនមានអ្វីជាបញ្ហាអ្វីចោទជាដុំកំភួនឡើយ។
<<ចំណុចល្អមានច្រើនគឺ អន្តេវាសិកដ្ឋាន ឬភូមិកីឡាគឺរៀបចំបានយ៉ាងល្អ ទាំងការស្នាក់នៅ ការហូបចុកដល់អត្តពលិកទាំងអស់។ មានបញ្ហាបន្តិចបន្តួចដូចជានៅតាមបន្ទប់ទឹក(បង្គន់)ដែលធម្មតាគួរមានកៅអីតអត់មានទេ តែមិនអីទេ វាមិនចោទជាបញ្ហាធំដុំនោះទេ។ បន្ទាប់មកផ្លូវដែលយើងដឹកនាំមកហ្វឹកហាត់ឬមកប្រកួត ពេលខ្លះគឺមមាញឹកណាស់ ពីព្រោះនៅតាមផ្លូវ និងក្នុងអគារមានមនុស្សច្រើន ដូច្នេះវាចង្អៀតខាតពេលវេលា ប៉ុន្តែវាមិនអីនោះទេ។សរុបមកជាទូទៅគឺការរៀបចំបានល្អប្រសើរ និងរៀបរយ>>។

ជួបជាមួយកីឡាការិនី វ៉ិត ចន្ថា ដែលបានឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T៦៤ បាននិយាយទាំងក្តីរីករាយថា៖ អរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្លាំង សម្រាប់ការហ្វឹកហាត់ ការហូបចុក ស្នាក់នៅ និងធ្វើដំណើរជាដើម មិនឱ្យក្រុមអត្តពលិកមានការលំបាកឡើយ។ បងស្រីបានលើកឡើងពីការរៀបចំបន្ថែមថា៖
<< ចំពោះការរៀបចំរបស់ថ្នាក់ដឹកនាំរបស់យើងពិតជាល្អ គឺល្អឥតខ្ចោះតែម្ដងសម្រាប់ខ្ញុំដែលធ្លាប់ដើរចេញទៅស្រុកក្រៅទាំងការហូបចុក ស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធ គឺល្អ ហើយយកចិត្តទុកដាក់ចំពោះកីឡាករមិនថាអ្នកស្ម័គ្រចិត្ត ឬអ្នកបកប្រែកាយវិកាអ្វីនោះទេ គឺគាត់ជួយខ្នះខ្នែង។ គាត់ជួយជនពិការអត់ដូចអូឡាំពិកទេ អូឡាពិកគាត់មានកាយសម្បទាមាំមួនដើរខ្លួនឯងបាន ដូចនេះហត់តិចហើយខាងអ្នកស្ម័គ្រចិត្ត ដោយសារជួយពួកពិការគ្នាខ្ញុំ>>។

អស់រយៈពេលជាច្រើនថ្ងៃ នៃការស្នាក់នៅប្រទេសកម្ពុជា ដើម្បីមកចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លោក Lim Ming Lip ប្រធានក្រុមគ្រូបង្វឹកនៃក្រុមបាល់បោះជិះរទេះជនពិការបុរសនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងតាមរយៈអ្នកបកប្រែថា៖
សំឡេង «ការស្នាក់នៅរហូតមកដល់ពេលនេះមិនមានបញ្ហាអ្វីនោះទេ ហើយការហូបចុករបស់យើងរៀបចំបានយ៉ាងល្អដែលអាចទទួលយកបាន ហើយកន្លែងស្នាក់នៅគឺពិតជារៀបចំបានល្អប្រសើរសម្រាប់ក្រុមកីឡាករ»។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ កម្ពុជាមិនយកបញ្ហាមេដាយជាអាទិភាពនោះទេ សំខាន់ការប្រកួតប្រកបដោយមិត្តភាព សុវត្ថិភាព ហើយទទួលស្វាគមន៍ភ្ញៀវឱ្យបានល្អបំផុត ដែលទាំងនេះជាគោលដៅធំរបស់ប្រទេសកម្ពុជា។ << ហើយឥឡូវប៉ារ៉ាហ្គេមជាង២០០០នាក់ មកឱ្យប្រកួតនៅកម្ពុជា ដែលកម្ពុជាទទួលការថែទាំគ្រប់យ៉ាង ទៅលើសុខុមាលភាព ទៅលើការសម្រួលនានារាប់ទាំងក្រុមយុវជនស្ម័គ្រចិត្តរបស់យើងជួយ អ្នករុញរទេះគឺត្រូវជួយរុញរទេះ។

អ្នកត្រូវទៅបន្ទប់ទឹក ទៅជួយរុញទៅជួយរៀបចំដើម្បីឱ្យការស្នាក់នៅរបស់គេទទួលបានជោគជ័យ។ រីឯកាតព្វកិច្ចបង់ប្រាក់សម្រាប់ការចូលរួមប្រកួតដូចនៅប្រទេសនានាអត់ត្រូវបានធ្វើទេ កម្ពុជាក្រពិត តូចពិត ក៏ប៉ុន្តែកម្ពុជាមានចិត្ត ក្រប្រាក់កាសក៏ប៉ុន្តែចិត្តគំនិតមិនក្រទេ ។ កម្ពុជាតូចតែមានបេះដូងធំ ទទួលស្វាគមន៍ភ្ញៀវធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព តាបិទចប់ភ្ញៀវចេញអស់ គឺថាយើងសុវត្ថិភាពហើយ ជោគជ័យរបស់យើង។ អញ្ចឹងបានខ្ញុំនិយាយថា លុយអាចចាយអស់ ក៏ប៉ុន្តែកិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់ជាតិនឹងឋិតថេររាប់ជំនាន់មនុស្សទៅខាងក្រោយ>>។

តាមរយៈគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម បានដាក់គោលដៅចំនួន៦ចំណុច រួមមាន៖១- សហព័ន្ធ ជួយពង្រឹង និងជំរុញនូវការអនុវត្តន៍ សកម្មភាពកីឡាដល់ជនពិការភាព ដោយមិនមានការរើសអើង។ ២- សហព័ន្ធ ជួយពង្រឹង និងជំរុញឱ្យមានកម្មវិធីអប់រំ ស្រាវជ្រាវ ការអភិវឌ្ឍន៍ សកម្មភាពអប់រំពីក្បួនច្បាប់កីឡា និងការថែរក្សាសុខភាព។

៣- សហព័ន្ធ ជួយពង្រឹងបន្ថែម នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព តាមរយៈសកម្មភាពកីឡារបស់ជនពិការ។ ៤- សហព័ន្ធ រៀបចំការប្រកួតរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលនេះជាគោលដៅមួយ ក្នុងការបង្កើតសហព័ន្ធកីឡាជនពិការអាស៊ាន (APSF)។ ៥- សហព័ន្ធ រៀបចំការប្រកួត និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលទាក់ទងទៅនឹងការអភិវឌ្ឍន៍បច្ចេកទេស គម្រោង និងវិទ្យាសាស្ដ្រកីឡា។ និងទី ៦- សហព័ន្ធ បង្កើតឡើង ដើម្បីទទួលបានបច្ចេកវិទ្យាព័ត៌មាន សម្រាប់ពង្រឹងបន្ថែមទៀតនូវគោលបំណង និងគោលដៅរបស់សហព័ន្ធកីឡាជនពិការអាស៊ាន( APSF