ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល កីឡាករ កីឡាការិនីជាជនពិការបន្ថែមទៀត ដើម្បីឱ្យកីឡាករ កីឡាការិនីកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតដណ្តើមយកជ័យជំនះជូនជាតិមាតុភូមិ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ កម្ពុជាបានដកស្រង់បទពិសោធន៍ជាច្រើន ទាំងយុទ្ធសាស្រ្ត និងយុទ្ធវិធី ការចាត់ចែងប្រកួត វិញ្ញាសាប្រកួត សុទ្ធសឹងតែពោរពេញទៅដោយការសិក្សារៀនសូត្រយ៉ាងច្រើន។ សម្តេចពិជ័យសេនា បានបន្តថា កីឡាករ កីឡាការិនី បានដកពិសោធន៍ពីការប្រកួតលើកនេះ ដែលជាទុនមួយដ៏សំខាន់សម្រាប់នៅអនាគត។
សម្តេចពិជ័យសេនា បានជំរុញលើកទឹកឱ្យមានការបណ្តុះបណ្តាលឬការហ្វឹកហាត់នូវសមត្ថភាពបន្ថែមទៀត និងបញ្ជូលបន្ថែមនូវកីឡាករ កីឡាការិនីជាជនពិការថ្មី ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតឱ្យទទួលបានជោគ និងដណ្តើមេដាយជូនជាតិមាតុភូមិ។
« ច្បាស់ណាស់យើងនឹងបំពេញបន្ថែមឬរកវិធីឬយុទ្ធសាស្ត្រណា កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាតិមាតុភូមិរបស់យើង ជាពិសេសលើកទឹកចិត្តដល់ជនពិការរបស់យើង។
ជនពិការនេះក៏មានច្រើនគួរសមដែរ យ៉ាងណា ក៏ដោយយើងនឹងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបន្ថែមទៀត ដោយសារការបណ្តុះបណ្តាលនេះជាបញ្ហាធំមិនមែនជារឿងធម្មតាទេ យើងឃើញហើយអង្គុយក្នុងរទេះឬអង្គុយធម្មតា គ្រប់ប្រភេទកីឡាទាំងអស់ដែលបានចូលរួមប្រកួតត្រូវទាមទារពេលវេលា ទាំងសុខភាពល្អ វេលាហ្វឹកហាត់ ត្រូវស្ទាត់ ត្រូវជំនាញ ទើបអាចយកឈ្នះគូប្រកួតយើងបាន »។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩ វិញ្ញាសា។
កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់៕