ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់មានការអត់ធ្មត់ក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបំពានបម្រាមគោចររបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបាននឹងកំពុងវាយលុកយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានេះ។
ការណែនាំនេះ គឺធ្វើឡើងស្របពេលដែលសកម្មភាពសមត្ថកិច្ចប្រើប្រាស់វិធានការរដ្ឋបាលដោយប្រើប្រាស់រំពាត់ផ្តៅវាយទៅលើពលរដ្ឋណាដែលបានរំលោភបំពានបម្រាមគោចររបស់រដ្ឋាភិបាលដែលនៅតែបន្តដើរចេញរហេតរហូតលើដងផ្លូវដែលស្ថិតនៅក្នុងតំបន់ក្រហម ហើយដែលសកម្មភាពទាំងនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើការចែកចាយជាហូរហែនៅថ្ងៃនេះ។
ក្នុងលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឱ្យបានជាដាច់ខាត» ។

បើតាមសម្តេចក្រឡាហោម «ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តន៍រាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល» ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក្រឡាហោមក៏យល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា សម្តេចក្រឡាហោមជំរុញទឹកចិត្តឱ្យសមត្ថកិច្ចបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ ។
ជាមួយនឹងការណែនាំ សម្តេចក្រឡាហោមក៏បានកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តន៍យ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។
ទន្ទឹមនេះ សម្តេចក្រឡាហោមក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕