សៀមរាប៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក មានរៀបចំកម្មវិធីប្រគល់-ទទួលរោងបាយដែលជាអំណោយរបស់មូលនិធិPEACELANDរបស់ប្រទេសចិនតាមរយៈលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី។

លោក ហ៊ីង ហ៊ឹម នាយកសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក បានជម្រាបថានៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះមានសិស្សានុសិស្សចំនួន៨៧៥នាក់ ហើយសាលាបានផ្គត់ផ្គង់អាហារមួយពេលជារៀងរាល់ថ្ងៃសិក្សាដើម្បីចូលរួមនៅក្នុងការទ្រទ្រង់សុខភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់សិស្សានុសិស្ស។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីក្រោមកិច្ចសហការជាមួយអង្គការPEACELANDរបស់ប្រទេសចិនបានចូលរួមដោះស្រាយនូវតម្រូវការជាក់ស្តែងនេះ ដោយបានចំណាយថវិកាក្នុងការសាងសង់រោងបាយនេះឡើង។

លោកអភិបាលរងបានគូសរំលេចពីតួនាទីយ៉ាងសំខាន់របស់អង្គការPEACELANDរបស់ប្រទេសចិននៅក្នុងការចូលរួមចំណែកជួយដល់កិច្ចអភិវឌ្ឍនៅនឹងមូលដ្ឋាន ដោយបានចូលរួមជួយដោះស្រាយការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាក់ស្តែងជូនដល់ប្រជាជន។

លោកអភិបាលរងបានជម្រាបជូនដល់អង្គពិធីទាំងមូលនិងអាណាព្យាបាលសិស្ស សូមចូលរួមទាំងអស់គ្នាថែរក្សាសមិទ្ធផលនានានៅក្នុងសាលារៀន ហើយរួមគ្នាដើម្បីចូលរួមថែរក្សាសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកអភិបាលរងស្រុកក៏បានក្រើនរំលឹកទាំងអស់គ្នាដែលមានសិទ្ធិបោះឆ្នោតពីការប្រើសិទ្ធិទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដើម្បីអនាគតកូនចៅនិងសង្គមជាតិរបស់យើង។