Connect with us

ព័ត៌មានសេដ្ឋកិច្ច

បើទោះបីជាកូវីតកំពុងបន្ត ប៉ុន្តែបរទេសសម្រុកបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ: ទោះបីស្ថានភាពកូវីតនៅមិនទាន់ធូស្រាលនៅប្រទេសកម្ពុជា ប៉ុន្តែវិនិយោគិនបរទេស ហាក់បីដូចជាមើលឃើញឱកាសទៅវិញ ដោយបោះទុនវិនិយោគក្នុងទាំងប្រាក់ច្រើនលានដុល្លារ សម្រាប់សាងសង់រោងចក្រកាត់ដេរនៅកម្ពុជា។

យោងតាមសេចក្តីព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា (CDC) បានសម្រេចអនុម័តគម្រោងរោងចក្រថ្មីចំនួន ៥ ទីតាំងបន្ថែមទៀត តាមការស្នើសុំរបស់វិនិយោគទុនបរទេស ដែលមានទឹកប្រាក់ប្រមាណជា ២០,៥ លានដុល្លារ គិតមត្រឹមចុងខែមេសាឆ្នាំ២០២១នេះ។

រោងចក្រទាំង ៥ទីតាំងថ្មីនោះរួមមាន៖

ទី១. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព របស់ក្រុមហ៊ុនVANZEL PRINTING & PACKAGING (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

ទី២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៨កន្លែង។

ទី៣. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨ កន្លែង។

ទី៤) គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន MCBAG CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨ កន្លែង។

ទី៥) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ នៃក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២២កន្លែង។

ការបង្កើតរោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤បន្ថែមទៀតនេះ និងធ្វើឱ្យតម្លៃដីមានការកើនឡើងថែមមួយកម្រិតមិនខាន ជាពិសេសទីតាំងដីស្ថិតនៅក្បែរគម្រោងរោងចក្រនោះតែម្តង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook