(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព អបអរសាទរជូនចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្យតនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ នេះ ។
នៅលើថ្នាលសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ កម្ពុជាបានស្គាល់នូវការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយក្តីសង្ឃឹម ភាពស្វាហាប់ និងកាលានុវត្តភាពដ៏វិសេសវិសាលមិនធ្លាប់មានពីមុនមក ជាពិសេសបានប្រែក្លាយពីឋានៈជាប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុង បោះជំហានឆ្ពោះទៅកាន់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ការផ្តល់គោរមងារនេះសរបញ្ជាក់យ៉ាងច្បាស់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែង និងជាពិសេសការចូលរួមចំណែកដ៏សំខាន់របស់លោកជំទាំវ ក្នុងការកសាងខឿនសេដ្ឋកិច្ច ការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការកសាងធនធានមនុស្សប្រកបដោយគុណវុឌ្ឍខ្ពស់ ស្របតាមគោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាល ។
នាឱកាសដ៏នក្ខត្តឫក្សនេះ អង្គភាព សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន លោកជំទាវ ឧកញ៉ា ហ៊ុន ស៊ីណាត និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

