(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាស សាលក្រមលើសំណុំរឿងលោកមេធាវី ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារចំ នួន ២ឆ្នាំ ក្នុងបទចោទផ្តល់សក្ខីកម្មក្លែងក្លាយ ប៉ុន្តែទោសនោះត្រូវព្យួរជាធម្មតា ។
សាលក្រមដែលប្រកាសដោយលោក ទុង រតនា ជាតំណាងអយ្យការ និងលោកចៅក្រមបានសម្រេច ឱ្យមេ ធាវី រួចផុតពីបទចោទបរិហាបង្កាច់កេរ្ត៍ ប្រព្រឹត្តនៅ ក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
សូមជំរាបថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ៣២៥៧ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មកបើកសវនាការជាសាធារណៈ លើជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី ជាប់ចោទពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ និងបទបរិហាបង្កាច់កេរ្ត៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាល ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តាមច្បាប់បញ្ញាត្តិមាត្រា៣១១ និងមាត្រា៥៤៥ នៃក្រមព្រហ្មទណ្ឌ ។
នៅពេលសវនាការដែលមានជនជាប់ចោទឈ្មោះ ផេង ស៊ីដេត បានឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការសួរដេញដោលលើអង្គហេតុដែលបណ្ដាលឲ្យមានការចោទប្រកាន់ពីសំណាក់ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទមិនបានឆ្លើយចំពោះសំណួររបស់តុលាការចៅក្រម និងតំណាងអយ្យការនោះទេ គឺជនជាប់ចោទ ឆ្លើយបង្វៀងដោយយកសំណុំរឿងផ្សេងៗយកមកអះអាងទៅវិញ ។ ដូចជាតុលាការសួរថា តើអ្នកណាជាអ្នកធ្វើលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឆ្លើយបំភ្លឺមកតុលាការពេលដែលលោកស្រី ឃី ជឺ ប្ដឹងព្រះតេជគុណ សេង សង រឿងលក់ដីវត្ត ដោយសារលិខិតនោះសរសេរចោទប្រ កាន់ លោកស្រី ឃី ជឺ ថាលោភលន់ចង់បានដីវត្តគោកបញ្ជាន់ និងចោទថាឈ្មោះ ឃី ជឺ ស្នើសុំចុះបញ្ជីយ កដីវត្តជាកម្មសិទ្ធផ្ទាល់ខ្លួន ។
លោកមេធាវី ផេង ស៊ីដេត ឆ្លើយថា ខ្លឹមសារលិខិតបំភ្លឺនោះជាឆន្ទៈរបស់លោកសង្ឃ សេង ថង ទៅវិញ ។ ចម្លើយនេះផ្ទុយពីខ្លឹមសារក្នុងលិខិតបំភ្លឺទាំងស្រុង ដោយសារលិខិតនោះបញ្ជាក់ច្បាស់ៗថា ខ្ញុំមេធាវី ផេង ស៊ីដេត ហើយនៅចុងបញ្ចប់នៃលិខិតព្រះសង្ឃ សេង ថង បានបោះត្រាវត្តគោកបញ្ជាន់ និងសរសេរបញ្ជាក់ ថា បានអាន និងឯកភាពគ្មានសង្ឃដីកាអ្វីទាំងអស់ចំពោះលិខិតបំភ្លឺរបស់លោកមេធាវី ផេង ស៊ីដេត ។
លោកចៅក្រម លិ សុខា ចៅក្រមជំនុំជំរះក្នុងរឿងក្ដីនេះបានលើកឡើងថា ភាពខុសឆ្គង និងការចោទប្រ កាន់គេ ដោយពុំមានមូលដ្ឋានត្រឹមត្រូវនេះហើយទើបលោកស្រី ឃី ជឿ ប្ដឹង ព្រោះជនដែលស្នើសុំចុះបញ្ជីដីវត្តគោកបញ្ជាន់ មិនមែនលោកស្រី ឃី ជឺ ដូចក្នុងលិខិតបំភ្លឺរបស់លោកមេធាវីទេ ។
ក្រោយសួរដេញដោល រួចរាល់ ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងខាងលើទៅប្រកាសនៅថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយបានសម្រេចផ្តន្ទាទោសលោកមេធាវី ផេង ស៊ីដេត ចំនូន២ឆ្នាំ តែទោសនោះត្រូវព្យួរ ៕