ចំណេះដឹង-អប់រំ
តួនាទីរបស់ Facebook នៅក្នុងនយោបាយរបស់កម្ពុជា!

(ភ្នំពេញ)៖ ប្រជាជនកម្ពុជាភាគច្រើនចាប់ផ្តើមស្គាល់ Facebook នៅចុងទសវត្សរ៍ឆ្នាំ ២០០០ កាលនោះ យើងប្រើ Facebook ដើម្បីតែភ្ជាប់ទំនាក់ទំនងជាមួយញាតិមិត្ត ប៉ុណ្ណោះ ។
ទាល់តែដល់ការបោះឆ្នោតឆ្នាំ ២០១៣ ទើបយើងចាប់ផ្តើមមើលឃើញ Facebook ត្រូវ បានគេប្រើក្នុងទិដ្ឋ ភាពនយោបាយ ។
វាមិនហួសហេតុទេក្នុងការនិយាយថា Facebook គឺជាឧបករណ៍នយោបាយដ៏សំខាន់ក្នុងការជំរុញឱ្យគណ បក្សប្រឆាំងទទួលបាន ជោគជ័យមិនធ្លាប់មាន ដោយទទួលបានអាសនៈរហូតដល់ ៥៥ នៅក្នុងការបោះ ឆ្នោត ឆ្នាំ ២០១៣ ។
គណបក្សប្រឆាំងក៏បានប្រើប្រាស់ Facebook ដើម្បីកៀរគរប្រជាជនឱ្យចូលរួមក្នុងការតវ៉ាដ៏ធំដែលមិនធ្លាប់មានពីមុនមកដែរ នៅក្នុងខែធ្នូ ឆ្នាំ២០១៣ ។
ការតវ៉ានេះបានប្តូរទៅជាហិង្សានៅក្នុង ខែមករា ឆ្នាំ២០១៤ នៅពេលដែលបាតុករបានចាប់ផ្តើម សកម្ម ភាពបំផ្លិចបំផ្លាញ ដែលទង្វើនេះ ក្រោយមកត្រូវបានបង្រ្កាបដោយអាជ្ញាធរ ។
សម្រាប់បក្សប្រឆាំងព្រឹត្តិការណ៍ទាំងប៉ុន្មាននេះ ប៊ិះនឹងនាំឱ្យពួកគេផ្តួលរំលំរាជរដ្ឋាភិបាល ហើយឡើងកាន់អំណាច។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ ព្រឹត្តិការណ៍ទាំងនេះប៊ិះនឹងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ ពេលនោះហើយដែលគណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួន និងចាប់ផ្តើមស្គាល់ពីគ្រោះថ្នាក់នៃ បដិវត្តន៍ពណ៌ ដែលពាក្យនេះនៅកម្ពុជាមិនទាន់ធ្លាប់ឭពីមុនមកទេ ។
យើងក៏អាចមើលឃើញនូវព្រឹត្តិការណ៍នយោបាយស្រដៀងគ្នានេះ កើតឡើងនៅលើ ពិភពលោក ក្នុងអំឡុងឆ្នាំ២០១១-២០១២ នៅពេលដែលបដិវត្តន៍ពណ៌បានផ្ទុះឡើងនៅពិភពអារ៉ាប់ ដែលគេហៅឈ្មោះ ថា «រដូវផ្កា រីកក្នុងពិភព អារ៉ាប់» ។
តួយ៉ាងដូចជានៅប្រទេសទុយនេស៊ី (បដិវត្តផ្កាម្លិះ) នៅអេហ្ស៊ីប លីប៊ី ស៊ីរី និងយេម៉ែនជាដើម ។ មាន ឯកសារស្រាវជ្រាវដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ Facebook ក្នុងការជំរុញបដិវត្តន៍ ពណ៌ទាំងនេះ។
យើងដឹងហើយថា លទ្ធផលនៃបដិវត្តន៍ពណ៌ ឬ «រដូវផ្ការីកក្នុងពិភពអារ៉ាប់» គឺគ្មានអ្វីក្រៅពីសោកនាដ កម្ម និងវិបត្តិគ្មានទីបញ្ចប់នោះឡើយ ។ ដំបូងគេចាប់ផ្ដើមឡើងជាបាតុកម្ម អហិង្សា ដែលតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ក្រោយមក វាតែងតែបានប្រែក្លាយ ទៅជាហិង្សាជានិច្ច ហើយព្រឹត្តិការណ៍ទាំងនោះបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល ដូចជានៅលីប៊ី ស៊ីរី និង យេម៉ែន ជាដើម ដែលបានសម្លាប់ជីវិតប្រជាជន រាប់លាននាក់ និងធ្វើឱ្យប្រជាជនរាប់លាននាក់បាត់បង់ទីជម្រក ហើយក្លាយជាជន ភៀសខ្លួន ទាំងក្នុងនិងក្រៅប្រទេស ។ ប្រទេស ទុយនីស៊ីវិញ បានបាត់បង់ស្ថិរភាពទាំងស្រុង ។
ទុយនីស៊ីមានរដ្ឋាភិបាលរហូតដល់ទៅ ១២ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ អ្នកខ្លះបានចោទសួរថា បន្ទាប់ពីរយៈពេល ១០ឆ្នាំចាប់តាំងពី «រដូវផ្ការីកក្នុងពិភពអារ៉ាប់» ហេតុអ្វីបានជាប្រទេសដែលតស៊ូដើម្បីសេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ បែរជានៅកាន់តែឆ្ងាយពីប្រជាធិបតេយ្យទៅវិញ?
អំពើហឹង្សានៅកម្ពុជា នៅក្នុងឆ្នាំ ២០១៣-២០១៤ បានផ្តល់មេរៀនដ៏ធំដល់គណបក្សប្រជាជនកម្ពុជាទាក់ ទងនឹងយុទ្ធសាស្ត្រទំនាក់ទំនងនយោបាយ ។ គណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួនថា ខ្លួនបានទុកលំហ Facebook ឱ្យបក្សប្រឆាំងគ្រប់គ្រងផ្តាច់មុខ ហើយមិន អើពើនឹងលំហនេះយូរពេក ។ គណបក្សប្រជាជនកម្ពុជាជាអ្នកប្រើប្រាស់ Facebook ក្រោយបក្សប្រឆាំង។ ទាល់តែនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៥ ទើប សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបើកទំព័រ Facebook ជាផ្លូវការរបស់លោក ។
សមរភូមិ Facebook បានកើនកម្តៅនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ហើយ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានបង្កើនភាពសកម្មរបស់ខ្លួននៅលើវេទិកា Facebook ដើម្បីបង្កើនតុល្យភាពសំឡេងនៅលើ Facebook ។ ពេលនោះ យើងអាចនិយាយបានថា បក្សប្រឆាំងលែងមានភាពផ្តាច់មុខនៅលើ Facebook ទៀតហើយ ។ ជាទូទៅ អ្នកដែលចេះ អានភាសាខ្មែរសុទ្ធតែអាចដឹងបាន ថា សមរភូមិនយោបាយតាម Facebook នៅកម្ពុជា គឺមានភាពក្តៅគគុក ។ ដោយសារថា ប្រព័ន្ធផ្សព្វផ្សាយបរទេសតែងតែមាន ការយល់ច្រឡំថា ប្រទេសកម្ពុជាជាប្រទេសប្រើប្រាស់អំណាច ដូច្នេះ ពួកគេមិនសូវបាន អើពើមកពិនិត្យពិច័យ លើភាសា ដែលបក្សប្រឆាំងបាននិងកំពុងប្រើប្រាស់នៅក្នុងការ ផ្សព្វផ្សាយសារនយោបាយរបស់ពួកគេនោះទេ ។
តាមពិត សាររបស់បក្សប្រឆាំងមាន លក្ខណៈហិង្សា និងរើសអើងពូជសាសន៍។ សាររបស់ពួកគេច្រើនតែសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងពីក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស ។
តាមពិត គណបក្សប្រឆាំងបានប្រកាន់យកវប្បធម៌នយោបាយបែបនេះ តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ ១៩៩៣ ម្ល៉េះ។ ពួកគេខិតខំបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះរាជរដ្ឋាភិបាលដោយប្រើប្រាស់គ្រប់មធ្យោបាយ ដូចជាការជំរុញការបែងចែកវណ្ណៈ ការជំរុញឱ្យប្រជាពលរដ្ឋមិនស្តាប់បង្គាប់អាជ្ញាធរ ការជំរុញការបះបោរដោយកងកម្លាំងប្រដាប់អាវុធ និងការញុះញង់ឱ្យស្អប់វៀតណាម និងស្អប់ចិន ជាដើម ។ ពួកគេមិនខ្វល់ថា ត្រូវប្រើមធ្យោបាយបែបណានោះទេ ឱ្យតែអាចជំរុញឱ្យពលរដ្ឋបាត់ទំនុកចិត្តពីរាជរដ្ឋា ភិបាល ជាក់ស្តែង ពួកគេបានប្រើប្រាស់ និងចែកចាយផែនទីព្រំដែនក្លែងក្លាយ ហើយចោទថា រាជរដ្ឋាភិ បាលបានប្រគល់ទឹកដីទៅឱ្យវៀតណាម។ ប៉ុន្តែ តាមរយៈការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយអង្គការស ហប្រជាជាតិនៅក្នុងខែសីហា ឆ្នាំ២០១៥ និងដោយប្រទេសបារាំង នៅខែកញ្ញា ឆ្នាំ២០១៥ សាធារណជនជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ជាផែនទីត្រឹមត្រូវពិតប្រាកដឥតក្លែងក្លាយ ។
វាត្រូវការរយៈពេលដល់ទៅ ២៤ឆ្នាំ ទម្រាំតែ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាព្រមទទួលស្គាល់កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ថា គណបក្សប្រឆាំងក៏បាននិងកំពុងប្រើភាសាញុះញង់ឱ្យមានការស្អប់ខ្ពើម និងបញ្ឆេះកំហឹងដែរ ។ នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នករាយការណ៍ពិសេសពេលនោះគឺលោកស្រី Rhona Smith បានសរសេរដោយប្រើភាសាប្រយោល និងស្រាល ថា «គណបក្សដទៃផ្សេង ទៀតក៏បានប្រើប្រាស់វោហាសាស្ត្រដែលញុះញង់ឱ្យមានការស្អប់ខ្ពើមដែរ» ។
ពេលវេលាដែល Facebook បានក្លាយជាភាគីពាក់ព័ន្ធផ្ទាល់ក្នុងនយោបាយកម្ពុជានៅឆ្នាំ ២០២៣ នៅពេលដែលការបោះឆ្នោតជាតិខិតជិតមកដល់ Facebook បានផ្លាស់ ប្តូររបត់មួយដ៏សំខាន់នៅក្នុងនយោបាយកម្ពុជា នោះគឺការណ៍ដែល Facebook បានផ្លាស់ប្តូរតួនាទីរបស់ខ្លួនពីអ្នកដែលផ្តល់វេទិកាថ្លែងសារ នយោបាយ ទៅជាតួនាទីដែលស្រដៀងនឹងនិយតករលើនយោបាយរបស់កម្ពុជាទៅវិញ ។
នេះបានន័យថា Facebook បានប្រែខ្លួនទៅជាភាគីពាក់ព័ន្ធផ្ទាល់នៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា ។
កាលពីចុងខែមិថុនា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Facebook បានផ្តល់ អនុសាសន៍ឱ្យ Facebook ព្យួរ គណនីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចោទថា បានប្រើប្រាស់ភាសាហិង្សា។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានលុបគណនី Facebook របស់លោក ដែលមានអ្នក Follow ជាង ១៤លាននាក់ ហើយរាជ រដ្ឋាភិបាលបានបណ្តេញតំណាង Facebook ចេញពីកម្ពុជា និងបានផ្តាច់រាល់ទំនាក់ទំនង របស់រាជរដ្ឋាភិបាល ជាមួយ Facebook ។
រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា បានរកឃើញភាពមិនប្រក្រតីនៅក្នុងសេវាកម្មរបស់ Face book សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការបង្កើតគណនីក្លែងក្លាយ ហានិភ័យនៃទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ សមាជិកនៃក្រុមប្រឹក្សាភិបាលត្រួតពិនិ ត្យ ត្រូវបានប្រកាសថា ជាបុគ្គលដែលកម្ពុជាលែងស្វាគមន៍ និងគ្មានសិទ្ធិចូលក្នុងប្រទេសកម្ពុជា ។
នៅពេលដែលបុគ្គលឯកជនមួយក្តាប់តូចដែលគ្មានទទួលសំឡេងឆ្នោតពីប្រជាជនកម្ពុជាសោះ ហើយសា ធារណជនកម្ពុជាក៏គ្មាននរណាស្គាល់ពួកសោះ ប៉ុន្តែ បែរជាពួកគេ មានសិទ្ធិដាក់បម្រាមទៅលើភាសារបស់នាយករដ្ឋមន្ត្រី នៅក្នុងការថ្លែងសារទាក់ទងនឹង នយោបាយផ្ទៃក្នុងកម្ពុជាទៅវិញ ។ ទង្វើបែបនេះ គឺជាការជ្រៀតជ្រែកដោយផ្ទាល់ពីក្រុមហ៊ុនឯកជនរបស់បរទេស នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយយ៉ាងច្បាស់ក្រឡែត ។ នេះបានន័យថា ក្រុមហ៊ុន Facebook បានឆ្លងកាត់បន្ទាត់ក្រហមហើយ ហើយមេដឹក នាំកម្ពុជាក៏លែងមានទំនុកចិត្តទៅលើ Facebook ទៀតហើយ ។
បើយើងមើលពីទស្សនៈរបស់ Facebook ក្រុមហ៊ុននេះប្រហែលជាគ្មានសមត្ថភាព អាចធ្វើអ្វីបានឡើយ ដើម្បីកែលំអការគ្រប់គ្រងរបស់ខ្លួន ព្រោះថា ពួកគេពិតជាមិនអាចគ្រប់គ្រងនូវសារដែលមានចេតនាអាក្រក់ដ៏ច្រើនមហិមាដែលបង្ហោះនៅលើវេទិកា Facebook បានឡើយ ជាពិសេសនៅពេលដែល Facebook អនុញ្ញាតឱ្យមានគណនី ក្លែងក្លាយ។ «ការចូលចិត្ត» (likes) និង «ការចែករំលែក» (shares) គឺជាដែកឆក់ស្រូបទាញកម្លាំងចិត្តរបស់អ្នកប្រើប្រាស់ Facebook។ ដូចគ្នាដែរ អ្នកថ្លែងសារនយោបាយ សុទ្ធតែចង់បាន likes និង shares ដែលជាយន្តការមួយដែលងាយនឹងជំរុញឱ្យមានលទ្ធិជ្រុលនិយម និងនយោបាយប្រជា ភិថុត ។
បើយើងមើលពីទស្សនៈរបស់រាជរដ្ឋាភិបាលដែលជាអ្នកគ្រប់គ្រងប្រទេសវិញ វាគឺជាបញ្ហាធំខ្លាំងណាស់ នៅពេលដែលអាជ្ញាធរមិនអាចអនុវត្តច្បាប់ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ បញ្ចេញមតិបង្កាច់បង្ខូចកិត្តិយសរបស់បុគ្គលសាធារណៈ ឬចែកចាយ ផែនទីព្រំដែនក្លែងក្លាយ ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថាបានប្រគល់ទឹកដីឱ្យប្រទេសជិតខាង ។
ជាការពិត ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលរដ្ឋាភិបាលមានការពិបាកក្នុងការស្វែងរកតុល្យភាពនៃជម្រើសរវាងការលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងរីកដុះដាល និងការការពារនីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈនោះទេ។ នៅប្រទេសបារាំង Face book ត្រូវបានចាត់ទុកថាជាឧបករណ៍គាំទ្រដ៏សំខាន់ សម្រាប់បាតុកម្មហឹង្សាដែលបង្កឡើងដោយ «បាតុ ករអាវលឿង» (gilet jaunes) នៅ ក្នុងឆ្នាំ២០១៨ ។ ហើយថ្មីៗនេះ ប្រធានាធិបតីបារាំង Emmanuel Macron ក៏បានស្តីបន្ទោសបណ្តាញសង្គមចំពោះការបញ្ឆេះអំពើហិង្សាចលាចល ដែលកំពុងកើតឡើងនៅក្នុងប្រទេសបារាំងដែរ ។
យ៉ាងណាក្តី យើងក៏ប្រហែលជាពិបាកនឹងបន្ទោស Facebook និងបណ្តាញផ្សព្វផ្សាយ សង្គមផ្សេងទៀតដែរ ព្រោះពួកគេមិនមានការទទួលខុសត្រូវអ្វីចំពោះសន្តិសុខជាតិ និង សណ្ដាប់ធ្នាប់សាធារណៈនោះទេ ។ នៅពេលដែល Facebook មិនអាចជួយរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់បាន រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការស្វែងរកមធ្យោបាយផ្សេងដោយខ្លួនឯង ដើម្បីគ្រប់គ្រងស្ថានការណ៍នោះឡើយ ព្រោះថា រដ្ឋាភិ បាលគឺជាអ្នកដែលទទួលសំឡេងឆ្នោតពីប្រជាពលរដ្ឋ ដូច្នេះ រដ្ឋាភិបាលមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងការការពារសន្តិភាព នីតិរដ្ឋ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។
សួរថា តើអាជ្ញាធរមានអត្ថន័យអ្វីទៅប្រសិនបើអាជ្ញាធរមិនអាចអនុវត្តច្បាប់បាននោះ ? សំណួរនេះគឺចាក់ដោតដល់ឫសគល់ និងតួនាទីស្នូលរបស់តួអង្គរដ្ឋតែម្តង ។ បើសិនជានិន្នាការបែបនេះនៅតែបន្ត រាជរដ្ឋាភិបាលកម្ពុជាមានតែត្រូវពិចារណាឡើងវិញអំពីការប្រើប្រាស់ Facebook ជាមធ្យោបាយទាក់ទងនយោ បាយ ។
រាជរដ្ឋាភិបាលប្រហែលជា គ្មានជម្រើសអ្វីក្រៅពីការស្វែងរកវិធីសាស្ត្រល្អប្រសើរជាងមុន រឹងមាំជាងមុន ដើ ម្បីគ្រប់ គ្រងបណ្តាញផ្សព្វផ្សាយសង្គមនោះទេ ព្រោះថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការការពារ នីតិរដ្ឋ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង

រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង

រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា

ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន
