(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ជប៉ុន Rohm បានប្រកាសថាខ្លួននឹងវិនិយោគ ៧២២លានដុល្លារនៅក្នុងមូលនិធិដែលគាំទ្រដោយ Japan Industrial Partners (JIP) ដែលមានបំណងទិញយកក្រុមហ៊ុន Toshiba ។
ការវិនិយោគនេះគឺជាផ្នែកមួយនៃផែនការទិញយកជាង ១៥ពាន់លានដុល្លារដែល JIP កំពុងស្នើសុំទៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Toshiba ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។
តាមរយៈការវិនិយោគរបស់ Rohm ត្រូវបានប្រភពឱ្យដឹងថាវាពិតជា មានសារៈសំខាន់ព្រោះវាជាការវិនិ យោគធំដំបូងដោយក្រុមហ៊ុនជប៉ុនក្នុងការដេញថ្លៃទិញយក Toshiba ។
ការវិនិយោគនេះត្រូវបានគេមើលឃើញថាជាការបោះឆ្នោតទំនុកចិត្តលើការដេញថ្លៃរបស់ JIP ហើយអាចលើកទឹកចិត្តក្រុមហ៊ុនជប៉ុនផ្សេងទៀតឱ្យវិនិយោគនៅក្នុងការដេញថ្លៃនេះ ។
បើតាមការលើកឡើងពីសំណាក់ Rohm ផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គោលបំណងដ៏ធំនៃការវិនិយោគរបស់ខ្លួនគឺដើម្បីជួយបង្កើនការដេញថ្លៃទៅលើ Toshiba ក៏ដូចជាចង់ជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ជប៉ុននេះផងដែរ ។
គួរជម្រាបដែរថា ក្រុមហ៊ុន Toshiba បានរងការវាយប្រហារដោយរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងរឿងអា ស្រូវគណនេយ្យដែលនាំទៅដល់ការលាលែងពីតំណែងនាយកប្រតិបត្តិរបស់ខ្លួននៅក្នុងឆ្នាំ ២០១៥ ខណៈ បច្ចុប្បន្នេះ កំពុងប្រឈមមុខបន្ថែមទៀតជាមួយនឹងបញ្ហានៅក្នុងអាជីវកម្មថាមពលនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានខូចខាតដោយគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima Daiichi កាលពីឆ្នាំ២០១១ កន្លងទៅ ៕


